ការបង្រ្កាបគ្រឿងញៀនគ្មានប្រសិទ្ធភាពព្រោះមានអភិបាលខេត្តខ្លះមិនយកចិត្តទុកដាក់មើលថែឬជួយឧបត្ថម្ភការិយាល័យទំនាក់ទំនងព្រំដែន​

0

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ហេង ច័ន្ទដារ៉ា អនុប្រធាននាយកដ្ឋានច្បាប់នៃអគ្គលេខាធិការ​ដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា ការិយាល័យ BLOs ខ្លះមានស្ថានភាពប្រកបដោយសន្ដិភាព ហើយក៏មាន ទីតាំងការិយាល័យ BLOs ខ្លះមានស្ថានភាពពិបាកខ្លាំងជាពិសេស ការិយាល័យ BLOs មានភ្លើងអគ្គិសនី ប្រព័ន្ធអ៊ីនធើណែត និងប្រព័ន្ធទូរស័ព្ទ៣G ដើម្បីប្រើប្រាស់ជាប្រចាំ។ ជាងនេះទៅទៀត ការិយាល័យ BLOs មានស្លាកសញ្ញាសម្គាល់នៃការិយាល័យ BLOs ដែលឧបត្ថម្ភដោយ អង្គការ UNODC។

ក្នុងកិច្ចប្រជុំ​លទ្ធផលស្ដីពី​ ការត្រួតពិនិត្យ​ និងវាយតម្លៃការិយាល័យទំនាក់ទំនងព្រំដែន​ (BLO)​ចំនួន១៤​ ក្នុងខេត្តចំនួន១១​ ឆ្នាំ២០១៩​ នៅថ្ងៃទី១២​ ខែកុម្ភៈ​ ឆ្នាំ​២០២០ នាទីស្តីការក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ទោ អះអាងថា” មានខេត្ត និងអភិបាលខេត្តមួយចំនួន មិនយកចិត្តទុកដាក់ទៅលើទីតាំង ការិយាល័យ BLOs ព្រមទាំងមិនជួយឧបត្ថម្ភថវិកាទៅដល់ការិយាល័យ BLOs “។

លោកបន្តថា ក្រោយពីទទួលបានសេចក្ដីសម្រេច ពីការកែសម្រួលសមាសភាព តួនាទី និងភារកិច្ចការិយាល័យ BLOs ពីឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀនមក ថ្នាក់ខេត្ត និងសមាជិក BLOs ទាំងអស់យល់ច្បាស់អំពីតួនាទី និងភារកិច្ចរៀងៗខ្លួន។

សូមជម្រាបថា ការិយាល័យទំនាក់ទំនងព្រំដែន (BLOs) មាន១៩មានទីតាំង នៅខេត្តចំនួន១៣ តាមបណ្ដាខេត្តជាប់ព្រំដែន ដូចជា៖កម្ពុជា-ថៃ ,កម្ពុជា-ឡាវ និងកម្ពុជា-វៀតណាម។

ការិយាល័យ BLOs មានភារកិច្ចសហការ ជាមួយខេត្តប្រទេសជាប់ព្រំដែន ដើម្បីផ្ដល់ព័ត៌មានឲ្យគ្នា ទៅវិញទៅមក ដើម្បីទប់ស្កាត់ បង្ក្រាបការចរាចរគ្រឿងញៀន ព្រមទាំងបទល្មើសផ្សេងៗផងដែរ។ ពិសេសការិយាល័យ BLOs សម្របសម្រួលការងារពាក់ព័ន្ធ ភូមិ ឃុំ សង្កាត់ គ្មានគ្រឿងញៀន នៅតាមព្រំដែន ជាដើម។

ទាក់ទិនករណីនេះនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអំពាវនាវ​ទៅដល់​អាជ្ញាធរខេត្ត​ជាប់ព្រំដែន​ ត្រូវបង្កេីនការយកចិត្តទុកដាក់​ ដើម្បីធ្វើការបង្ក្រាបបទល្មើសគ្រប់ទម្រង់ ជាពិសេស​ ធ្វើឲ្យព្រំដែនមានសន្ដិភាព​ និងការអភិវឌ្ឍ។

លោកមានប្រសាសន៍ថា “ខេត្តត្រឡប់ទៅវិញប្រជុំដឹកនាំក្នុងឋានៈជាប្រធាន​ ក្នុងការដឹកនាំកិច្ច​ប្រជុំការងាររួមបង្កេីតជាចលនាមួយ​ឲ្យស្រុះគ្នា​ ហេីយបានផលប្រយោជន៍រួម​ ដេីម្បីទប់ស្កាត់រាល់បទល្មើសគ្រប់ទម្រង់ មិនមែនត្រឹមតែបទល្មើសគ្រឿងញៀនទេ”៕