ភ្នំពេញ៖ លោក មីកាមិ ម៉ាសាហ៉ីរ៉ូ (Mikami Masahiro) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជាបានលើកឡើងថាមានក្រុមហ៊ុនធំៗរបស់ជប៉ុនចំនួន៣ នឹងចូលរួមប្រមូលដេញថ្លៃប្រមូលសំរាមក្នុងរាជធានីភ្នំពេញ ។
ក្នុងពេលញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅវិមានសន្តិភាពនាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះលោក មីកាមិ ម៉ាសាហ៉ីរ៉ូ (Mikami Masahiro) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជាបានលើកឡើងថាជប៉ុនកំពុងយកចិត្តទុកដាក់លើបញ្ហាសំរាមនេះ បន្ទាប់ពីបានជួយលើទឹកស្អាត។ លោកបន្តថា បញ្ហាសំរាម គឺជារឿងចាំបាច់ ហើយជប៉ុន មានក្រុមហ៊ុនចំនួន៣ ចូលរួមចំណែកដេញថ្លៃក្នុងការប្រមូលសំរាម។
ចំណែក សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានលើកឡើងថា ការប្រមូលសំរាមក្នុងរាជធានីភ្នំពេញ កំពុងស្ថិតនៅក្នុងអន្តរកាល ព្រោះក្រុមហ៊ុនចាស់ពុំអាចទទួលការងារនេះ ដោយសារទីក្រុងភ្នំពេញ រីកធំពីប្រមាណ ៣០០គីឡូម៉ែត្រការ៉េ ទៅ៦០០គីឡូម៉ែត្រការ៉េ។
សម្តេចតេជោបន្ថែមថា នៅពេលដ៏ខ្លីខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងដាក់ឱ្យដេញថ្លៃ ដូច្នេះក្រុមហ៊ុនជប៉ុន គប្បីចូលដេញថ្លៃ ដើម្បីជួយការប្រមូលសំរាមនេះ។
របាយការណ៍របស់ក្រសួងបរិស្ថានបានបង្ហាញថាក្នុងរាជធានីភ្នំពេញសំរាមត្រូវបានបង្កើតឡើងប្រមាណជា ៣ពាន់តោនក្នុងមួយថ្ងៃ៕