ក្រៅពីបន្តផ្ដល់ជំនួយដល់មន្ទីរពេទ្យគន្ធបុប្ផានិងដោះមីនរដ្ឋាភិបាលស្វីសនឹងជំរុញវិនិយោគិនរបស់ខ្លួនមកវិនិយោគនៅកម្ពុជា

0

ភ្នំពេញ៖ លោកស្រី Carin SALERNO ឯកអគ្គរដ្ឋទូតស្វីសថ្មីប្រចាំកម្ពុជា បានលើកឡើងថា រដ្ឋាភិបាលស្វីសនឹងបន្តផ្ដល់ជំនួយដល់មន្ទីរពេទ្យគន្ធបុប្ផា វិស័យដោះមីន ជាពិសេសនឹងជំរុញប្រធានក្រុមហ៊ុនធំៗ របស់ស្វីស មកសិក្សាស្វែងយល់ពី សក្ដានុពលវិនិយោគនៅកម្ពុជា ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់ជំនួបរវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ និងលោកស្រី Carin SALERNO ឯកអគ្គរដ្ឋទូតស្វីសថ្មី នៅថ្ងៃទី១២ កុម្ភៈនេះ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានមានប្រសាសន៍ថា រដ្ឋាភិបាលស្វីសនៅតែបន្តគាំទ្រ និងជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ទោះបីបច្ចុប្បន្នមន្ទីរពេទ្យនេះ ដឹកនាំដោយ វេជ្ជបណ្ឌិតខ្មែរក៏ដោយ ។ តាមគម្រោងទឹកប្រាក់ ដែលរដ្ឋាភិបាលស្វីស ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ មានប្រហែល ១២លានដុល្លារ (ក្នុងនោះមួយឆ្នាំ ស្វីសផ្ដល់ឲ្យ ៤លានដុល្លារ) ។ ចាប់ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៨ រដ្ឋាភិបាលស្វីស បានផ្ដល់ជំនួយដល់មន្ទីរពេទ្យគន្ធបុប្ផា ប្រមាណជា ៦០លានដុល្លារ ។

លោក កុយ គួង បញ្ជាក់ថា «លោកជំទាវឯកអគ្គរដ្ឋបានសន្យាថា នៅក្នុងឆ្នាំនេះ លោកជំទាវនឹងដឹកនាំប្រធានក្រុមហ៊ុនធំៗ របស់ស្វីសចូលមកកម្ពុជា ដើម្បីពិនិត្យមើល សក្ដានុពលផ្នែកវិនិយោគ» ។
អ្នកនាំពាក្យបន្ថែមថា ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ រដ្ឋាភិបាលស្វីសបានផ្ដល់ជំនួយ ដល់កម្ពុជាសម្រាប់វិស័យដោះមីន ប្រ មាណជា ៣,៤៥លានដុល្លារ ។ ស្វីស នឹងបន្តផ្ដល់ជំនួយប្រមាណ ៦លានដុល្លារ សម្រាប់វិស័យដោះមីន ចាប់ពីឆ្នាំ២០២០-២០២៥ ៕