ភ្នំពេញ៖ ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ បានបញ្ជាក់ថាកីឡាករ អ៊ាន ពន្លឺ ទទួលបានការវះកាត់ជោគជ័យហើយ នាប្រទេសវៀតណាម បន្ទាប់ពីរងរបួសកាលពីរប្រកួតបញ្ចប់រដូវ២០១៩ កន្លងទៅ។
ពន្លឺ បានរងរបួសជង្គង់អំឡុងពេលប្រកួតចុងរដូវកាល ២០១៩ ហេីយរបួសនេះបានបន្តបង្កការឈឺចាប់ គ្រប់ពេលដែលធ្វេីសកម្មភាពកីឡា។ ក្រោយមកក្លិបបានបញ្ជូនគាត់ទៅធ្វេីការថតនៅប្រទេសវៀតណាម ដែលលទ្ធផលបង្ហាញថាគាត់មានរបួសដាច់សសៃជង្គង់ដែលតម្រូវឱ្យធ្វេីការវះកាត់ ហេីយត្រូវសម្រាករយៈពេល ៦ ទៅ ៧ខែទេីបអាចចូលរួមប្រកួតវិញបាន។ ក្រោយពីទទួលដំណឹងនេះ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានក្លិប និងឯកឧត្តម សុខ សប្បាយណា អនុប្រធានក្លិប បានសម្រេចបញ្ជូនពន្លឺទៅធ្វេីការវះកាត់ ដោយក្លិបជាអ្នករ៉ាប់រងទាំងស្រុងលេីការចំណាយ។
គួរបញ្ជាក់ថា ថ្នាក់ដឹកនាំ គ្រូបង្វឹក កីឡាករ អ្នកគាំទ្រ និងក្រុមគ្រួសារគិរីវង់សុខសែនជ័យទាំងអស់ បានជូនពរពន្លឺ ឆាប់បានជាសះស្បេីយដេីម្បីត្រឡប់មកជួយក្លិបក្នុងរដូវកាល២០២០ និងរដូវកាលក្រោយៗទៀត៕