រោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងមួយចំនួននឹងត្រូវផ្អាកដំណើរការបណ្ដោះអាសន្ន

0

ភ្នំពេញ៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានអះអាងថារោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងមួយចំនួន នឹងត្រូវផ្អាកដំណើរការរយៈពេល១ ឬ២ខែ នៅចុងខែកុម្ភៈនេះ ដោយសារខ្វះវត្ថុធាតុដើមពីចិន ព្រោះវត្ថុធាតុដើមបម្រើដល់វិស័យនេះ ៦០ភាគរយ ត្រូវបាននាំចូលមកពីប្រទេសចិន។

សេចក្ដីប្រកាសព័ត៌មានរបស់ GMAC កាលពីថ្ងៃទី១១កុម្ភៈបានបញ្ជាក់ថា រោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងមួយចំនួននៅកម្ពុជា នឹងត្រូវផ្អាកដំណើរការរយៈពេល១ ឬ២ខែ ចាប់ពីចុងខែកុម្ភៈនេះ ដោយសារខ្វះវត្ថុធាតុដើមពីចិន ព្រោះតែរោងចក្រផលិតវត្ថុធាតុដើមនៅប្រទេសចិនបានផ្អាក ដោយសារជំងឺរលាកសួត បង្កឡើងដោយវីរុសកូរ៉ូណា។បញ្ហាវីរុសកូរ៉ូណា ដែលបានរីករាលដាលនៅក្នុងប្រទេសចិន ធ្វើឲ្យរោងចក្រផលិតវត្ថុធាតុដើម និងក្រុមហ៊ុនផ្តល់សេវាជាច្រើន បានបិទដំណើរការជាបណ្តោះអាសន្ន ហើយប្រហែលជារហូតដល់ចុងខែកុម្ភៈនេះ ទើបអាចចាប់ផ្តើម ដំណើរការឡើងវិញ ដែលបញ្ហានេះនឹងបង្កឱ្យមានផលប៉ះពាល់ចង្វាក់ផ្គត់ផ្គង់ ដល់រោងចក្រនៅកម្ពុជា។

សេចក្ដីប្រកាសបញ្ជាក់ទៀតថា «សម្រាប់រោងចក្រមួយចំនួនវត្ថុធាតុដើមនៅក្នុងស្តុក សម្រាប់ផលិតកម្មអាចនឹងអស់ នៅត្រឹមសប្តាហ៍ក្រោយ ឬសប្តាហ៍បន្ទាប់ ហើយការបិទរោងចក្របណ្តោះអាសន្ន នៅប្រទេសចិនអាចនឹងធ្វើឱ្យរោងចក្រមួយចំនួនខ្វះវត្ថុធាតុដើម នៅចុងខែក្រោយនេះ និងក្នុងខែមីនាខាងមុខ។ ប្រឈមនឹងបញ្ហានេះ រោងចក្រគ្មានជម្រើសអ្វីក្រៅពីការផ្អាក ប្រតិបត្តិការផលិតកម្មជាបណ្តោះអាសន្ន ដែលមានរយៈពេញ១ខែពេញ ឬដល់២ខែ»៕