ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ផាក ហ៊ឺងឃ្យុង (Park Heung-Kyeong) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជានៅព្រឹកថ្ងៃអង្គារទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវ លេខ២ និងលេខ២២ ប្រវែងសរុបជាង ៧២គីឡូម៉ែត្រ ។
គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ គឺមានប្រវែងសរុប ៧២.១៧គីឡូម៉ែត្រ គឺមានកំណាត់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់អូរចំបក់ មានប្រវែង ៦២.៥៦គីឡូម៉ែត្រ (ឆ្លងកាត់រាជធានីភ្នំពេញ ប្រវែង ៥.៤គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង ១៤.២១គីឡូម៉ែត្រ និងខេត្តតាកែវ ប្រវែង ៥២.៥៦គីឡូម៉ែត្រ) និងផ្លូវជាតិ២២ ពីអូរចំបក់ ដល់អង្គតាសោម មានប្រវែង ៩.៦១គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្ត ខេត្តតាកែវ។
ផ្លូវទាំងពីរខ្សែនេះ នឹងសាងសង់ជាប្រភេទផ្លូវបេតុងកៅស៊ូ AC ដោយគ្រោងចំណាយថវិកាសរុបប្រមាណ ៥៦.១លានដុល្លារអាមេរិកជាហិរញ្ញប្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េរួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករ។
គេហទំព័រ Facebook សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនឹងផ្សាយផ្ទាល់(Live)ពិធីនេះនៅម៉ោង៨:០០នាទីព្រឹកពីកន្លែងបើកការដ្ឋាន ជិតរង្វង់មូលកួរស្រូវ៕