ភ្នំពេញ៖លោក ឌី ខាំបូលី អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានឲ្យដឹងថាសព្វថ្ងៃនេះពិតជាមានការយកលុយពីសិស្ស នៅតាមសាលាមួយចំនួនតូចពិតប្រាកដមែន ឆ្លើយតបនឹងបញ្ហានេះក្រសួងនឹង ចាត់វិធានការជាបន្ទាន់ចំពោះគ្រូបង្រៀនរូបណា ដែលធ្វើសកម្មភាពយកលុយពីសិស្ស ទោះក្រោមហេតុផលណាក៏ដោយ។
ថ្លែងក្នុងសន្និសីទព័ត៌មានស្តីពី វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងអប់រំនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោក ឌី ខាំបូលី បានអះអាងថា ជាគោលការណ៍ក្រសួងអប់រំ មិនឲ្យគ្រូបង្រៀនតាមសាលានានា យកលុយកាក់ពីសិស្សនោះទេ។
លោកថ្លែងបញ្ជាក់ថា «បើសិនមានព័ត៌មានបែបហ្នឹង សូមសហការជួយផ្តល់ព័ត៌មាន តាមរយៈខ្ញុំផ្ទាល់ក៏បាន តាមរយៈក្រុមអ្នកនាំពាក្យក្រសួងក៏បាន។ប្រសិនបើកើតឡើងមែននឹងមានវិធានការជាបន្ទាន់ចំពោះបុគ្គលមួយចំនួនតូច ដែលធ្វើសកម្មភាពយកលុយកាក់ពីសិស្សអីជាដើម»៕