ភ្នំពេញ៖ ជនជាតិចិនឈ្មោះ ចា ជិនហូរ អាយុ៦០ឆ្នាំ មានផ្ទុកវីរុសកូរ៉ូណា (2019-nCoV) នៅខេត្តព្រះសីហនុ ត្រូវបានក្រសួងសុខាភិបាលអនុញ្ញាតឲ្យចេញពីមន្ទីពេទ្យខេត្តព្រះសីហនុនៅថ្ងៃនេះហើយអាចជួបជុំជាមួយក្រុមគ្រួសារវិញជាធម្មជាធម្មតា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចេញផ្សព្វផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០បានបញ្ជាក់ថាក្រោយពីការធ្វើតេស្តលើកទី៣ បង្ហាញនូវលទ្ធផលអវិជ្ជមាន វីរុសកូរ៉ូណាថ្មី (2019-nCoV) ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ អ្នកជំងឺមានសុខភាពល្អប្រសើរ រីឯក្រុមគ្រួសារជនជាតិចិនរូបនេះ ៣នាក់ ក៏ត្រូវផុតពីការសង្កេតសុខភាព ហើយអាចជួបជុំគ្នាជាធម្មតា។
បុរសជនជាតិចិនខាងលើ ត្រូវបានរកឃើញតាមរយៈការធ្វើតេស្តវត្ថុវិភាគមានវិជ្ជមានវីរុសកូរ៉ូណាប្រភេទថ្មី (2019-nCoV) នៅខេត្តព្រះសីហនុកាលពីថ្ងៃទី២៧ ខែកមរា ឆ្នាំ២០២០ បន្ទាប់មកត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក នៅក្នុងមន្ទីពេទ្យខេត្តព្រះសីហនុដើម្បីផ្តល់ការព្យាបាលនិងពិនិត្យតាមដានស្ថានជំងឺជនជាតិចិនម្នាក់នេះដោយមានការយកចិត្តទុកដាក់ជាទីបំផុតពីក្រុមគ្រូពេទ្យជំនាញ ។
សូមជម្រាចជូនថា លទ្ធផលតេស្តអវិជ្ជមានវីរុសកូរ៉ូណាថ្មីលើកទី២ កាលពីថ្ងៃទី៦ កុម្ភៈ ក្រសួងសុខាភិបាល ដោយមានការពិភាក្សាជាមួយអង្គការសុខភាពពិភពលោក បានសម្រេចមិនទាន់អនុញ្ញាតឲ្យបុរសជនជាតិចិន ចេញពីមន្ទីពេទ្យ ដោយត្រូវបន្តតាមដានសុខភាព និងរង់ចាំលទ្ធផលតេស្តលើកទី៣ កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០។ ក្រោយពីទទួលបានការបញ្ជាក់ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានូវលទ្ធផលតេស្តអវិជ្ជមានលើកទី៣ ក្រុមគ្រូពេទ្យនៃមន្ទីពេទ្យខេត្តព្រះសីហនុ បានត្រួតពិនិត្យឡើងវិញនូវស្ថានភាពបុរសជនជាតិចិនខាងលើឃើញថាគាត់មានសុខភាពល្អប្រសើរ ទើបនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ នេះក្រសួងសុខាភិបាលសម្រេចថាអ្នកជំងឺបានជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចាក់ចេញពីមន្ទីពេទ្យបាន។
សូមបញ្ជាកថាលោក ចា ជិនហូរ អាយុ៦០ឆ្នាំ បានធ្វើដំណើរមកពីទីក្រុងវូហាន ប្រទេស ចិន ជាមួយក្រុមគ្រួសារ ៣នាក់ទៀត មកដល់ក្រុងព្រះសីហនុ ប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។ បន្ទាប់ពីមកដល់រយៈពេល២ថ្ងៃ លោកមានអាការៈក្អក ក្តៅខ្លួនខុសធម្មតា ហើយត្រូវបានមន្រ្តីសុខាភិបាល យកសំណាកបំពងកទៅពិនិត្យឃើញថា គាត់មានជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីកូរ៉ូណា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ព្រមទាំងដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ៕