ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានធ្វើការណែនាំឲ្យអាជ្ញាធរ និងកងទ័ពនៃប្រទេសកម្ពុជា-ឡាវនៅតាមបន្ទាត់ព្រំដែនលេងកីឡារួមគ្នាដើម្បីធ្វើយ៉ាងណាឲ្យទំនាក់ទំនងល្អនេះឈានដល់ការដោះស្រាយរាល់បញ្ហាផ្សេងៗដែលកើតមានឡើងនៅតាមព្រំដែន។
ក្នុងជំនួបជាមួយលោក ប៊ុនញ៉ាំង វរជីត ( Bounnhang VORACHITH) អគ្គលេខាបក្ស និង ជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅរសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា គប្បីណាតាមព្រំដែនអាជ្ញាធរដែនដីទាំងសងខាងដែលបានដើរតួយ៉ាងសំខាន់ជំរុញទំនាក់ទំនងឲ្យបានយ៉ាងជិតស្និទ្ធហើយអាចបង្កើតឲ្យមានកម្មវិធីកីឡារួមគ្នាផងដែលធ្វើយ៉ាងណាឲ្យទំនាក់ទំនងល្អនេះឈានដល់ការដោះស្រាយរាល់បញ្ហាផ្សេងៗដែលកើតមានឡើងនៅតាមព្រំដែន។ ទន្ទឹមនឹងនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថាមិនត្រឹមតែអាជ្ញាធរដែនដីទេ ក័ងទ័ពនៃប្រទេសយើងទាំងពីរ ក៏គប្បីដែលជំរុញទំនាក់ទំនងឲ្យបានកាន់តែជិតស្និទផងដែរព្រោះកាលណាមានភាពជិតស្និទហើយទោះបីមានរឿងអ្វីក៏អាចដោះស្រាយ និង ពិភាក្សាគ្នាបានដែរ៕