ឃាត់ខ្លួនជនសង្ស័យជាមេក្លោង និងបក្ខពួក៥នាក់ធ្វើសកម្មភាពរាវរក និងគាស់យកវត្ថុបុរាណអាយុកាលរាប់ពាន់ឆ្នាំ

0

ភ្នំពេញ៖ ជនសង្ស័យជាមេក្លោង និងបក្ខពួក៥នាក់ ជួញដូរវត្ថុបុរាណល្មើសច្បាប់ ត្រូវបានមន្ត្រី នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត សហការជាមួយ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ ចុះបង្ក្រាប និងឃាត់ខ្លួនបាន ព្រមទាំងដកហូតវត្ថុតាងបទល្មើស មួយចំនួន បញ្ជូនមកអនុវត្តតាមផ្លូវច្បាប់។

ប្រតិបត្តិការនោះ បានធ្វើឡើងកាលពីថ្ងៃទី៤ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចប្រាសាទខ្នារ ស្ថិតក្នុងភូមិក្រឡាពាស ឃុំព្រីងធំ ស្រុកជាំក្សាន្ត ដឹកនាំបញ្ជាការបង្ក្រាប ដោយមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក ឆេង ហៀត និងមន្ត្រីអាវុធហត្ថខេត្ត ១៥នាក់។

មន្ត្រីអាវុធហត្ថខេត្ត បានប្រាប់ឲ្យដឹងថា នៅថ្ងៃ៤កុម្ភៈម្សិលមិញ ក្រោយពីទទួលបានដំណឹងថា មានជនខិលខូចមួយក្រុម បាន និងកំពុងធ្វើសកម្មភាព ប្រើឧបករណ៍រាវរកវត្ថុបុរាណ ដែលកប់ជ្រៅនៅក្នុងដីរាប់ពាន់ឆ្នាំមកហើយនោះ ដើម្បីជីកគាស់កកាយយកវត្ថុបុរាណ នាំយកទៅធ្វើការជួញដូរដោយខុសច្បាប់នោះមក ប្រធានមន្ទីរវប្បធម៌ និងវិចិត្តសិល្បៈខេត្ត រួមជាមួយមន្ត្រី និងមន្ត្រីកិច្ចសន្យាខេត្ត បានសហការណ៍ជាមួយ កម្លាំងកងរាជអាវុធហត្ថខេត្ត ចុះទៅកាន់ទីតាំង ដែលជនសង្ស័យកំពុងប្រព្រឹត្តបទល្មើស។

មន្ត្រីដដែលបានបន្តទៀតថា នៅក្នុងប្រតិបត្តិការណ៍នោះ កម្លាំងសមត្ថកិច្ចបានឈានទៅឃាត់ខ្លួនជនសង្ស័យ ជាមេក្លោង និងបក្សពួកជួញដូរវត្ថុបុរាណ បាន ៥នាក់ ១.ឈ្មោះ ហេង ប៊ុនសុខុន ភេទប្រុស អាយុ ៣៧ ឆ្នាំ រស់នៅភូមិតាវៀន ឃុំសាលាកំរើក ក្រុងសៀមរាប ជាថៅកែ ដកហូតបានវត្ថុតាង រូបលោហៈ ២. ឈ្មោះ ប៊ុន សាន ភេទប្រុស អាយុ ៤៥ ឆ្នាំ ជាមេប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំព្រីងធំ ៣.ឈ្មោះ សៀក សុភ័ក្រ ភេទប្រុស អាយុ ៥៤ឆ្នាំ ៤. ឈ្មោះ ង៉ែត តៃ ភេទប្រុស អាយុ ៥៤ ឆ្នាំ និង ៥. ឈ្មោះ ព្រលាន ព្លឿង ភេទប្រុស អាយុ ៥៤ ឆ្នាំ ជនសង្ស័យទាំង៣នាក់ ជាកសិករ រស់នៅភូមិគោកព្រិច ឃុំគោករមៀត ស្រុកពួក ខេត្តបន្ទាយមានជ័យ។ លោកបានបញ្ជាក់ថា ក្រោយការឃាត់ខ្លួនជនសង្ស័យទាំង៥នាក់រួចហើយ សមត្ថកិច្ចដកហូតបានឧបករណ៍រាវរកវត្ថុបុរាណ ២គ្រឿង នៅខាងត្បូងប្រាសាទខ្នារប្រមាណ ១០០ម៉ែត្រ ដកហូតរថយន្ត ដែលជាមធ្យោបាយបម្រើឲ្យការធ្វើសកម្មភាពប្រព្រឹត្តបទល្មើស ចំនួន ២គ្រឿង ថែមទៀត។

ក្រោយការឃាត់ខ្លួនជនសង្ស័យជួញដូរវត្ថុបុរាណទាំង៥នាក់ រួមទាំងវត្ថុតាងនោះរួច ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្តព្រះវិហារ បានធ្វើកំណត់ហេតុផ្ទេរប្រគល់ ជនសង្ស័យ និងវត្ថុតាង ទៅអោយកម្លាំងកងរាជអាវុធហត្ថខេត្ត ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការខេត្ត ចាត់ការទៅតាមនីតិវិធីច្បាប់ ៕