លោក ឃួង ស្រេង ថា ៦ទៅ៧ខែទៀត បញ្ហាកកស្ទះសម្រាម នៅភ្នំពេញ នឹងភាពល្អប្រសើរ ខណៈទូតអាមេរិកថា ទីក្រុងណាក៏មាន បញ្ហាសម្រាមដែរ

0

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា នៅពេលខាងមុខនេះ ពោលគឺអាច ៦ទៅ៧ខែទៀត បញ្ហាសំរាមក្នុងរាជធានីភ្នំពេញ នឹងមានលក្ខណៈល្អប្រសើរ ជាងនេះមិនខាន ខណៈលោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជាថ្លែងថា ទីក្រុងណាក៏ដូចជាទីក្រុងណាដែរ បញ្ហាប្រឈម ទៅលើការកកស្ទះចរាចរណ៍ សំណល់ ដែលជាបញ្ហាប្រឈមមួយ ដែលទីក្រុងណា ក៏មានបញ្ហានេះដែរ ហើយបញ្ហាទាំងនេះគឺជាបញ្ហាទាំងអស់គ្នា។

ក្នុងជំនួបជាមួយលោក ឃួង ស្រេង នៅថ្ងៃទី៤កុម្ភៈ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានថ្លែងការកោតសរសើរ ចំពោះការរីកចម្រើន របស់រាជធានីភ្នំពេញ និងមានសន្តិសុខល្អ ពិសេសគឺរក្សាសន្តិសុខ ជូនបុគ្គលិកស្ថានទូត បានយ៉ាងល្អប្រសើរ ជាងនេះទៅទៀត ក្នុងពិធីខួបគម្រប់៧០ឆ្នាំ  នៃទំនងការទូតកម្ពុជា និងសហរដ្ឋអាមេរិក គឺរក្សាបាននូវសន្តិសុខយ៉ាងល្អ  ។

 

លោកទូតក៏បានកោតសរសើរ ចំពោះការអភិវឌ្ឍន៍រីកចម្រើន ជាមួយនឹងបញ្ហាសន្តិសុខល្អ និងចាត់ទុក  ទីក្រុងភ្នំពេញ ជាទីក្រុងមួយ  ក្នុងចំណោមទីក្រុងអាស៊ាន ដែលបានរៀបចំ  គម្រោងទីក្រុងវៃឆ្លាត smart city ដែលគម្រោងនេះរៀបចំឡើង ដោយសហរដ្ឋអាមេរិក នឹងមានអត្ថប្រយោជន៍ទាំងអស់គ្នា សម្រាប់រាជធានីភ្នំពេញ និងកណ្ដាលទីក្រុងផ្សេងទៀត ។

លោកទូតសហរដ្ឋអាមេរិក សន្យាថា នឹងជួយបណ្ដុះបណ្ដាល ធនធានមនុស្ស ជុំវិញទីក្រុងឆ្លាតវៃ smart city ជាមួយនឹងគម្រោង បណ្ដុះបណ្ដាលបច្ចេកទេស ទៅលើកាកសំណល់។

ក្នុងឱកាសនោះដែរ លោកអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ទន្ទឹមនិងការរីកចម្រើន រាជធានីភ្នំពេញនេះ ភ្នំពេញ ក៏មានបញ្ហាប្រឈម ជាច្រើនផងដែរ ដូចជាបញ្ហាកកស្ទះចរាចរណ៍ បញ្ហាបរិស្ថានជាដើម ដែលបញ្ហានេះ រាជធានីភ្នំពេញ បាននិងកំពុងធ្វើការដោះស្រាយផងដែរ ។

លោក ឃួង ស្រេង បញ្ជាក់ថា ចំពោះបញ្ហាសន្តិសុខ  គឺឃើញថា រាជធានីភ្នំពេញ មានសន្តិសុខល្អប្រសើរហើយ ប៉ុន្តែអ្វីដែលជាបញ្ហាប្រឈមមួយទៀត ដែលជាកង្វល់ខ្លាំង របស់រាជធានីភ្នំពេញនោះ គឺបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលវាបានសម្លាប់មនុស្ស និងធ្វេីឲ្យខូចខាតទ្រព្យសម្បត្តិរាល់ថ្ងៃ ៕