ថ្ងៃស្អែក សម្តេចតេជោ នឹងទៅសួរសុខទុក្ខនិស្សិតខ្មែរ នៅក្រុងវូហាន ដែលជាតំបន់ផ្ទុះជំងឺកូរ៉ូណា ធំជាងគេលើពិភពលោក

0

ភ្នំពេញ៖ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងអញ្ជើញទៅសួរសុខទុក្ខនិស្សិតខ្មែរ កំពុងសិក្សានៅទីក្រុងវូហាន ដែលជាតំបន់មួយដែល ផ្ទុះជំងឺរលាកផ្លូវដង្ហេីមធំជាងគេលេីពិភពលោក ដើម្បីលេីកទឹកចិត្ត និងផ្ដល់ភាពកក់ក្តៅកុំឲ្យមានការភ័យខ្លាច ចំពោះការឆ្លងរឺការកើតរីករាលដាល នៃជំងឺប្រភេទថ្មីនេះ ។ នេះបើតាមការបញ្ជាក់របស់សម្តេចតេជោ ក្នុងឱកាសជួបសំណេះសំណាលជាមួយ លោកស្រី ហាក់ ចាហានមូន (Hak Ja Han Moon) ស្ថាបនិកអង្គការ សហព័ន្ធសន្តិភាពសកល មុនពិធីបើកកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង នៅព្រឹកថ្ងៃ៤ កុម្ភៈ ។

ក្នុងជំនួបនោះសម្តេចតេជោ មានប្រសាសន៍ថា បញ្ហានៃការបម្រែបម្រួលអាកាសធាតុ និងការផ្ទុះឡើងនៃជំងឺប្រភេទថ្មី កូរ៉ណាវីរ៉ុស មិនមែនតែជាកង្វល់របស់ចិនទេ តែជាកង្វល់របស់ទាំងអស់គ្នា ពោលត្រូវរួមគ្នារិះរកវិធីសាស្រ្តក្នុងការដោះស្រាយ និងមិនត្រូវបង្កនូវការភ័យខ្លាចសម្រាប់មនុស្សជាតិនោះទេ។

ទន្ទឹមគ្នានេះលោកស្រី ហាក់ ចា ហានមូន ក៏បានវាយតម្លៃខ្ពស់ និងកោតសរសើរសម្តេចតេជោ និងគណៈប្រតិភូជាន់ខ្ពស់ ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៅសេអ៊ូល ស្របពេលនៃការផ្ទុះជំងឺប្រភេទថ្មី កូរ៉ូណាវីរ៉ុស ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបន្ថែមថា សម្តេចមិនបានចាត់ទុក ការផ្ទុះនៃជំងឺប្រភេទថ្មី ជាឧបសគ្គសម្រាប់សម្តេចនោះទេ ប៉ុន្តែផ្ទុយទៅវិញសម្តេច មានឆន្ទៈពិតប្រាកដជាមួយមេដឹកនាំពិភពលោក ក្នុងការរួមគ្នាដោះស្រាយលើបញ្ហាដែលកើតមានឡើង ចំពោះសន្តិភាព សន្តិសុខមនុស្សជាតិ ការប្រែប្រួលអាកាសធាតុ និងបញ្ហាប្រឈមដទៃទៀត ដែលពិភពលោកកំពុងប្រឈម និងរួមគ្នាដោះស្រាយ ។

សូមបញ្ជាក់ថា គិតមកត្រឹមថ្ងៃ៤ កុម្ភៈ ជំងឺរលាកផ្លូវដង្ហេីម បង្កដោយវីរុសកូរ៉ូណាប្រភេទថ្មីនេះ បានសម្លាប់មនុស្ស៤២៥ នាក់ និងមានអ្នកឆ្លងចំនួន ២០ ៤២៨នាក់ ៕