ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងជំរុញឲ្យប្រជាពលរដ្ឋខ្មែររស់នៅប្រទេសកូរ៉េជួយគាំទ្រផលិតផលស្វាយរបស់កម្ពុជាដើម្បីជាការលើកទឹកចិត្តឲ្យកសិករបង្កើនការដាំដុះផលដំណាំស្វាយបន្ថែមទៀត។
ក្នុងជំនួបសំណេះសំណាល ជាមួយបងប្អូន ប្រជាពលរដ្ឋនៅសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) នៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានបង្ហាញនូវក្តីមោទនភាពចំពោះផលិតផលផ្លែស្វាយរបស់ប្រទេសកម្ពុជាដែលត្រូវបាននាំចូលមកកាន់ទីផ្សាររបស់ប្រទេសកូរ៉េក្នុងរយៈពេលថ្មីៗកន្លងទៅនេះ ដែលនេះក៏ជាការបង្ហាញអំពីភាពរីកចម្រើននៃវិស័យកសិកម្មផលិតផលផ្លែស្វាយរបស់ប្រទេសកម្ពុជាដែលមានគុណភាពល្អអាចនាំមកកាន់ទីផ្សាររបស់ប្រទេសកូរ៉េបាន។
សម្តេចតេជោក៏ជំរុញឲ្យមានការគាំទ្រផ្លែស្វាយកម្ពុជា និងជំរុញលើកទឹកចិត្តឲ្យកសិករកម្ពុជាបង្កើនការដាំដុះផលដំណាំស្វាយបន្ថែមផងដែរ ដើម្បីមានឱកាសនាំចេញមកកាន់ទីផ្សារកូរ៉េជាបន្តបន្ទាប់ទៀត៕