ឆ្នាំ២០១៩ ចាប់ឈើបានជាង ៩លានម៉ែត្រគូប និងបញ្ជូនខ្លួនជនសង្ស័យ ៥៩នាក់ ទៅតុលាការ

0

ភ្នំពេញ៖ នៅឆ្នាំ២០១៩ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ចាប់បានឈើចម្រុះចំនួន ៩.២១៥.៨៧៦ម៉ែត្រគូប និងឃាត់ខ្លួនបញ្ជូនជនសង្ស័យចំនួន ៥៩នាក់ ទៅតុលាការ នេះបើយោងតាមសេចក្តី ប្រកាសព័ត៌មានសម្រាប់ការបង្ក្រាប បទល្មើសព្រៃឈើឆ្នាំ២០១៩។

សូមរំលឹកថា ឆ្នាំ២០១៩កន្លងទៅ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានដាក់ចេញនូវផែនការ យុទ្ធសាស្ត្រ និងបើកយុទ្ធនាការបង្ក្រាប បទល្មើសព្រៃឈើយ៉ាងតឹងរ៉ឹង ជាលទ្ធផល ឃាត់ខ្លួននិងបញ្ជូនជនសង្ស័យពាក់ព័ន្ធនឹងបទល្មើសព្រៃឈើចំនួន៥៩នាក់, ចាប់យកឈើចម្រុះចំនួន៩.២១៥.៨៧៦ម៉ែត្រគូប និងចាប់យកមធ្យោបាយសរុបចំនួន៤៩១គ្រឿង។

ព្រមជាមួយគ្នានោះ បានអនុវត្តវិធានការបំផ្ទុះ ដុត កាត់បំផ្លាញចោលរថយន្តបាកុង និងមធ្យោបាយកែច្នៃសរុបចំនួន២១២គ្រឿង។

គណៈកម្មការជាតិ និងអាជ្ញាធរមានសមត្ថកិច្ច នៅតែបន្តធ្វើការផ្សព្វផ្សាយ អប់រំជាសាធារណៈ ដើម្បីឲ្យបុគ្គលគ្រប់រូបជ្រួតជ្រាប យល់ដឹងអំពីច្បាប់ពាក់ព័ន្ធនឹងព្រៃឈើ ក្នុងន័យឲ្យចៀសឆ្ងាយពីការប្រព្រឹត្តខុសច្បាប់ និងចូលរួមថែរក្សាព្រៃឈើឱ្យបានគង់វង្ស ទុកសម្រាប់ប្រយោជន៍ជាតិ និងពិភពលោកទាំងមូល។

នាពេលបច្ចុប្បន្ននេះ តាមរយៈការស្រាវជ្រាវ និងស៊ើបអង្កេតរបស់ជំនាញ បានបញ្ជាក់ថា ការកាប់ឈើ និងការដឹកជញ្ជូនឈើដោយខុសច្បាប់ ជាលក្ខណៈទ្រុងទ្រាយធំមានភាពស្ងប់ស្ងាត់ ប៉ុន្តែនៅមានការលួចបន្លំដឹកជញ្ជូនផល អនុផលព្រៃឈើដោយខុសច្បាប់ តាមរូបភាពជារថយន្តសាំមយ៉ុង រថយន្តកែច្នៃធុនតូច គោយន្ត ម៉ូតូ រទេះគោ រទេះក្របី រម៉ក ។

ទោះបីជាយ៉ាងណាគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នឹងបន្តអនុវត្តវិធានបង្រ្កាបដដែល។

គណៈកម្មការជាតិ អំពាវនាវដល់សាធារណជន និងអ្នកសារព័ត៌មានទាំងអស់ បន្តចូលរួមផ្តល់ព័ត៌មានពិត ដល់អាជ្ញាធរ មានសមត្ថកិច្ចគ្រប់ថ្នាក់៕