ដោយ​​សារ​ជំ​ងឺ​កូ​រ៉ូ​ណា​ ​កំ​ណើន​សេ​ដ្ឋ​កិ​ច្ច​ក​ម្ពុ​ជា ​នៅ​ឆ្នាំ​២​០​២​០​ ​អា​ច​នឹង​ធ្លា​ក់​ម​ក​ត្រឹ​ម​រង្វង់ ៦%

0

ភ្នំពេញ៖ ស្របពេលដែលជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណា កំពុងតែរីករាលដាលខ្លាំង នៅក្នុងប្រទេសចិន ដែលជាដៃគូសេដ្ឋកិច្ចដ៏ធំរបស់កម្ពុជានោះ លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានលើកឡើងថា ឆ្នាំ២០២០នេះ កំណើនសេដ្ឋកិច្ចកម្ពុជា នឹងនៅតែអាចសម្រេចបានក្នុងរង្វង់ ៦% ទោះបីត្រូវប្រឈមការលំបាក និងហានិភ័យទាំងខាងក្នុង និងក្រៅប្រទេស ច្រើនជាងមុនក្តី ។

ក្នុងវេទិកាសាធារណៈស្តីពី ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងថវិកាឆ្នាំ២០២០ កាលពីថ្មីៗកន្លងទៅនេះ លោក វង្សី វិស្សុត បានមានប្រសាសន៍ថា ជារួមកំណើនសេដ្ឋកិច្ចពិភពលោក កំពុងមាននិន្នាការធ្លាក់ចុះ ដោយរួមទាំងតំបន់អាស៊ានផងដែរ ជាក់ស្តែងសេដ្ឋកិច្ចពិភពលោក នៅឆ្នាំ២០១ ៩ មានកំណើនប្រមាណ ២,៩% ប៉ុណ្ណោះ បើធៀបនឹងការព្យាករណ៍ប្រមាណ ៣,៤% ។

លោកបន្តថា ក្នុងពេលដែលសេដ្ឋកិច្ចពិភពលោក និងតំបន់មួយចំនួនមានការធ្លាក់ចុះ កំណើនសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០១៩ នៅតែមានភាពរឹងមាំក្នុងរង្វង់ ៧% ទោះប្រឈមនឹងហានិភ័យពីខាងក្រៅក្ដី ។ លោកថា កម្ពុជាជាប្រទេស ដែលសម្រេចបាន នូវកំណើនសេដ្ឋកិច្ចខ្ពស់ ជាងគេ ក្នុង អាស៊ាន ។

លោកគូសបញ្ជាក់ថា ការកំណត់កំណើនសេដ្ឋកិច្ចប្រមាណ ៦,៥% នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ក្នុងច្បាប់ថវិកាឆ្នាំ២០២០ គឺរាប់បញ្ចូលទាងករណី ការដកប្រព័ន្ធអនុគ្រោះពន្ធលើមុខទំនិញ គ្រប់ប្រភេទលើកលែងតែអាវុធ (EBA) ពីសហភាពអឺរ៉ុបរួចហើយ ។ លោកថា ទោះអឺរ៉ុប ដក EBA មួយផ្នែក ឬទាំងស្រុងក្តី ក៏សេដ្ឋកិច្ចកម្ពុជា មិនដួលរលំដែរ ព្រោះកម្ពុជាបានត្រៀមខ្លួនរួចហើយ។ ហើយការដក EBA គឺប៉ះពាល់តែលើការនាំចេញ សម្លៀកបំពាក់ទៅកាន់ទីផ្សារអឺរ៉ុបប៉ុណ្ណោះ ខណៈការនាំចេញទៅកាន់ទីផ្សារផ្សេងៗទៀត ពិ សេសអាម៉េរិក មានការកើនឡើងយ៉ាងខ្លាំង ។

សូមរំលឹកថា សហភាពអឺរ៉ុប នឹងសម្រេចចិត្តជាចុងក្រោយ ថាតើត្រូវផ្ដល់ ឬដកប្រព័ន្ធអនុគ្រោះ EBA ដល់កម្ពុជាបន្ដទៀត ក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២០ បើសិនរកឃើញថា មានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងជាប្រព័ន្ធនៅកម្ពុជា ។ ក្នុង ១ឆ្នាំៗ កម្ពុជាចំណេញ ថវិកាប្រមាណ ៧០០លានដុល្លារ ដែលបានពីការនាំទំនិញ ចូលសហភាពអឺរ៉ុប តាមរយៈប្រព័ន្ធអនុគ្រោះ EBA ៕