ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ការគណនា និងកំណត់តម្លៃចំពោះលេខពិសេសផ្ទាល់ខ្លួន គឺឈរលើមូលដ្ឋាន៖ ចំនួនតួកាន់តែតិច តម្លៃកាន់តែខ្ពស់ ពាក្យពេចក្នុងវចនានុក្រមអង់គ្លេស លេខ168 លេខ ឬអក្សរដូចគ្នា លេខ ឬអក្សររៀងជាប់គ្នាតាមលំដាប់ឡើង លេខ ឬអក្សរ រៀងជាប់គ្នាតាមលំដាប់ចុះ លេខ ឬអក្សរមានលក្ខណៈឆ្លុះ និង លេខរៀងជាប់គ្នាជាចំនួនសេស ឬគូ នៃតួអក្សរនីមួយៗ… ជាដើម។ល។
ក្នុងកិច្ចប្រជុំពិភាក្សាការងារ និងប្រកាសបែងចែកតួនាទី ភារកិច្ចអនុគណៈកម្មការ ក្រោមឱវាទគណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្តគ្រួសារ និងរថយន្តធុនស្រាលកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ នៅទីស្តីការក្រសួង លោកស្រី កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំឱ្យអនុគណៈកម្មការទាំងពីរ ខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចរៀងៗក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ព្រមទាំងធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយពីអត្ថប្រយោជន៍នៃការចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួន ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋបានយល់ជ្រួតជ្រាបពីអត្ថប្រយោជន៍ និងគុណសម្បត្តិ ក៏ដូចជានីតិវិធីនៃការចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួនផងដែរ។
លោកស្រីគូសបញ្ជាក់ផងដែរថា ប្រព័ន្ធចុះបញ្ជីរថយន្តថ្មីនេះ ផ្តល់ឱ្យម្ចាស់កម្មសិទ្ធិរថយន្ដ មានសិទ្ធិស្នើសុំរក្សាលេខចុះបញ្ជីលើរថយន្ដកំពុងប្រើប្រាស់សម្រាប់ចុះបញ្ជីលើរថយន្ដថ្មីរបស់ខ្លួនបាន ធ្វើការចុះបញ្ជីជាសហកម្មសិទ្ធិ។ ប្រព័ន្ធស្វ័យប្រវត្តិកម្ម https://vehicle.mpwt.gov.kh នេះ បានផ្តល់លទ្ធភាព ឱ្យប្រជាពលរដ្ឋ អាចប្រើប្រាស់បង្គំ លេខ ឬ/និងអក្សរឡាតាំងមិនលើសពី ៨ខ្ទង់ ដើម្បី បង្កើតជាទម្រង់ លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន តាមចំណងចំណូលចិត្តបាន។ ការរៀបចំប្រព័ន្ធលក់លេខពិសេសផ្ទាល់ខ្លួននេះ ក្នុងគោលបំណងដើម្បីផ្តល់ជម្រើសជូនប្រជាពលរដ្ឋក្នុងការទិញលេខសម្រាប់ចុះបញ្ជីរថយន្ត និងស្របទៅនឹងនិយាមការអន្តរជាតិផងដែរ៕