ប្រមុខរាជរដ្ឋាភិបាល នឹងចូលរួមកិច្ចប្រជុំកំពូលពិភពលោក នៃអង្គការសហព័ន្ធសន្តិភាពសកល ស្តីពីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស នៅកូរ៉េ ៣ថ្ងៃ

0

ភ្នំពេញ​៖ ប្រមុខរាជរដ្ឋាភិបាកកម្ពុជា សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួម កិច្ចប្រជុំកំពូលពិភពលោក ឆ្នាំ២០២០ នៃអង្គការសហព័ន្ធសន្តិភាពសកល ស្តីពីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស នៅសាធារណរដ្ឋកូរ៉េ ពីថ្ងៃទី៣ ដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០។

យោងតាមសេចក្ដីប្រកាសព័ត៌មាន​ របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី៣១ មករាបានឲ្យដឹងថា អញ្ជើញអមដំណើរសម្តេចតេជោ នាយករដ្ឋមន្រ្តី រួមមាន​ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិ​បត្តិការអន្តរជាតិ ព្រមទាំងឥស្សរជនជាន់ខ្ពស់​មួយចំនួននៃរាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំធុរកិច្ច​នៃ​សភាពាណិជ្ជកម្មកម្ពុជា។

ក្នុងអំឡុងពេលស្នាក់នៅ សាធារណរដ្ឋកូរ៉េ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញជួបប្រជុំជាមួយលោក មូន ចេអ៊ីន (Moon Jae-in) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ដើម្បីពិភាក្សាលើ កិច្ចសហប្រតិបត្តិការ ទ្វេភាគី ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ ដែលជាការយកចិត្តទុកដាក់រួម។ បន្ថែមពីនេះ សម្តេចតេជោ ក៏នឹងអញ្ជើញ​ចូលរួមពិធីពិសារអាហារថ្ងៃត្រង់រៀបចំដោយលោក ជុង សៃឃ្យូន (Chung Sye-kyun) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋកូរ៉េ ផងដែរ។

សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញថ្លែងសុន្ទរកថា គន្លឹះលើមូលបទរបស់កិច្ចប្រជុំកំពូល ស្តីពី «សន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស» រួមជាមួយនឹងឥស្សរជនបរទេសមួយចំនួនទៀត ដែលចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២០ នៃអង្គការសហព័ន្ធសន្តិភាពសកល ។

សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏នឹងជួបសំណេះសំណាលជាមួយ​សហគមន៍កម្ពុជា សិស្ស-និស្សិត និងពលករកម្ពុជា ដែលកំពុង​រស់នៅ និងធ្វើការនៅក្នុង​សាធារណរដ្ឋកូរ៉េផងដែរ។

ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ មានចំណងទាក់ទងជាមិត្តភាព និងកិច្ចសហ-ប្រតិបត្តិការដ៏ល្អប្រសើរលើវិស័យ​​ជាច្រើន ដូចជា ពាណិជ្ជកម្ម ការវិនិយោគ ការងារ និងការអប់រំ ជាដើម៕