ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានចាត់ទុកការផ្តល់ ស្នាមញញឹម និងកាយវិការទន់ភ្លន់ ប្រកបដោយភាពរាក់ទាក់របស់ មន្ត្រីតាមច្រកព្រំដែន គឺជាការផ្ញើសារដ៏ល្អរបស់កម្ពុជា ទៅកាន់ជនបរទេសជាច្រើន។
ងក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារ ឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ កាលពីរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០
សម្ដេចក្រឡាហោម ស ខេង បានប្រកាសគាំទ្រពេញទំហឹងចំពោះគោលការណ៍របស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលណែនាំឱ្យមន្ត្រីនគរបាលអន្តោប្រវេសន៍គ្រប់រូប អនុវត្តន៍នូវពាក្យស្លោក “ផ្តល់សេវាដោយស្នាមញញឹម”។
សម្ដេចក្រឡាហោមបានគូសបញ្ជាក់ថា “នៅក្នុងសកម្មភាពជាក់ស្តែង ការផ្តល់ស្នាមញញឹម និងកាយវិការទន់ភ្លន់ប្រកបដោយភាពរាក់ទាក់របស់បងប្អូន ជាពិសេសមន្ត្រីដែលធ្វើការនៅតាមច្រកទ្វារ គឺមានន័យស្មើនឹងការផ្ញើសារដ៏ល្អ របស់កម្ពុជាទៅកាន់ជនបរទេសជាច្រើនទៀត ដែលសារនោះ នឹងជួយអន្ទងឱ្យពួកគេចង់មកឃើញមកស្គាល់មកទស្សនកិច្ចព្រះរាជាណាចក្រកម្ពុជាយើង”៕