ភ្នំពេញ៖កម្លាំងនគរបាលជំនាញផែននគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចុះល្បាតឃើញមានជនជាតិចិនមួយក្រុមសង្ស័យប៉ុនប៉ងធ្វើសកម្មភាពប្លន់ប្រដាប់អាវុធ និងចាប់ជំរិតបានហៅឃាត់ដើម្បីត្រួតពិនិត្យ ស្រាប់តែរថយន្តនោះមិនព្រមឈប់ហើយបើកគេចយ៉ាងលឿន ឃើញដូចនេះ កម្លាំងសមត្ថកិច្ចបានធ្វើការប្រដេញប្រផាត់ចាប់ប្រភីងរហូតដល់ឃាត់ខ្លួនបាន២នាក់។
សមត្ថកិច្ចបានឲ្យដឹងថាពេលចុះល្បាតនៅចំណុចអូរ៥ ស្ថិតនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ស្រាប់តែឃើញរថយន្ត១គ្រឿង ម៉ាក HighLander ពណ៌សំបកឪឡឹក មានពាក់ស្លាកលេខខាងមុខៈ ព្រៃវែង 2A-0718 ចំណែកខាងក្រោយគ្មាន បើកបរដោយជនជាតិចិន ដោយមានការសង្ស័យ កម្លាំងសមត្ថកិច្ចយើង បានហៅឃាត់ដើម្បីត្រួតពិនិត្យ ស្រាប់តែរថយន្តនោះមិនព្រមឈប់ហើយបើកគេចយ៉ាងលឿន ឃើញដូចនេះ កម្លាំងសមត្ថកិច្ចយើងបានធ្វើការប្រដេញប្រផាត់ចាប់ប្រភីង រហូតដល់ចំណុចផ្លូវអូរ៣ ស្ថិតនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ សមត្ថកិច្ចយើងបានដេញស្ទាក់ឃាត់បាន ស្រាប់តែឃើញមានជនជាតិចិនចំនួន ០៣នាក់ បានបើកទ្វាររថយន្តក្នុងគោលបំណងរត់គេចខ្លួន ភ្លាមនោះសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនបាន ០២នាក់ ចំណែក ០១នាក់ ទៀតបានរត់គេចខ្លួនបាត់ ។
បន្ទាប់មកសមត្ថកិច្ចយើងបានធ្វើត្រួតពិនិត្យក្នុងរថយន្តឃើញមានៈ ស្លាកលេខចំនួន ២សន្លឹក (ភ្នំពេញ 2A-6150) , ដំបងឆក់ ១ដើម , ទូរស័ព្ទដៃ ចំនួន ៤គ្រឿង, ខ្នោះដៃចំនួន ៤គូរ , កូនសោរខ្នោះ ចំនួន ៤ និង កាំភ្លើង ១ដើម ម៉ាក K-54 ពណ៌ខ្មៅ និងសម្ភារៈផ្សេងៗមួយចំនួនទៀត ហើយបាននាំជនសង្ស័យទាំង ០២នាក់ យកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនិតិវិធី ។
-ជនសង្ស័យទាំង ០២នាក់ មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ CHEN PAN YU ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិ ៥ សង្កាត់ ៤ ក្រុង-ខេត្តព្រះសីហនុ ។
២-ឈ្មោះ ZHANG CHONG HUI ភេទប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិ ៥ សង្កាត់ ៤ ក្រុង-ខេត្តព្រះសីហនុ ។
ករណីនេះ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងក៏សាងសំណុំរឿង សញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមផ្លូវច្បាប់ រីឯជនសង្ស័យដែលរត់គេចខ្លួន កម្លាំងជំនាញរបស់យើង កំពុងធ្វើការស្វែងរកចាប់ខ្លួន ។
ក្នុងឱកាសនេះដែរ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមអោយបងប្អូនប្រជាពលរដ្ឋ ជួយផ្តល់ដំណឹងមកប្រព័ន្ធទាន់ហេតុការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលមានលេខៈ 097 778 0008 , 031 374 9848 , 011 506 677 នៅពេលដែលប្រទះឃើញរថយន្តទាំងឡាញណាដែលមិនប្រក្រតី ដូចជា រថយន្តគ្មានផ្លាកលេខ , មានស្នាមដោះស្លាកលេខ , ផ្លាកលេខមានតែខាងមុខ អត់មានខាងក្រោយ ,ផ្លាកលេខមានតែខាងក្រោយ អត់មានខុងមុខ , ផ្លាកលេខខាងមុខ និងខាងក្រោយខុសគ្នា , រថយន្តដែលយកថង់ ស្កុត ក្រណាត់ បិទបាំងផ្លាកលេខ ឬផ្លាកលេខបិទស្កុត ជាដើម ៕