ភ្នំពេញ៖ ក្នុងឆ្នាំ២០១៩កន្លងទៅ ជនបរទេសចំនួន១,៥៣៣នាក់ ស្មើនឹង៦៣សញ្ជាតិ ត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជាក្រោយរកឃើញប្រព្រឹត្តបទល្មើស។
បើតាមរបាយការណ៍ ដែលបានបង្ហាញក្នុងសន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅបន្ដ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០បានឲ្យដឹងថា ក្នុងចំណោមជនបរទេសដែលបានប្រព្រឹត្តបទល្មើស ហើយត្រូវបានបណ្ដេញចេញពីកម្ពុជានេះ ច្រើនជាងគេគឺជនជាតិចិន ដែលមានចំនួន១,០១៣នាក់, ថៃ២២០នាក់, វៀតណាម១៤៩នាក់, នីហ្សេរីយ៉ា៩៤នាក់, ឥណ្ឌា៣១នាក់, កូរ៉េខាងត្បូង២៥នាក់, អាមេរិក១៧នាក់។
បទល្មើសដែលជនបរទេសទាំងអស់នេះបានប្រព្រឹត្ត រួមមាន៖ ករណីជំរិតទារប្រាក់តាមប្រព័ន្ធ VOIP និងបទល្មើសហ្គេមអនឡាញចំនួន៨៩០នាក់ មាន០៩សញ្ជាតិ (ចិន តៃវ៉ាន់ ថៃ ហ្វីលីពីន ឥណ្ឌូនេស៊ី ឡាវ វៀតណាម ឥណ្ឌា និងម៉ាឡេស៊ី), ការស្នាក់នៅគ្មានលិខិតឆ្លងដែន ចំនួន២៤២នាក់ មាន៤០សញ្ជាតិ (នីហ្សេរីយ៉ា៦៧នាក់, វៀតណាម៤៣នាក់, ចិន២៩នាក់ និង៣៧សញ្ជាតិទៀតពីម្នាក់ ដល់១០នាក់), ការស្នាក់នៅលើសទិដ្ឋាការ ចំនួន១២៦នាក់ មាន៣២សញ្ជាតិ (នីហ្សេរីយ៉ា ៤៩នាក់, ឥណ្ឌា១៣នាក់ និង៣០សញ្ជាតិទៀតពី ០១ដល់០៦នាក់) និងប្រើប្រាស់សារធាតុញៀនចំនួន២០០នាក់។
សូមបញ្ជាក់ផងដែរថា គិតចាប់ពីបង្កើតអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឆ្នាំ២០១៤ មកដល់ដំណាច់ខែធ្នូ ឆ្នាំ២០១៩នេះ បានបណ្តេញចេញជនបរទេសខុសច្បាប់ចំនួន ១៦,៧២០នាក់ មាន ៩៦សញ្ជាតិ៕