ភ្នំពេញ៖គណៈឱសថការីកម្ពុជា អំពាវនាវឱសថស្ថានទាំងអស់កុំដំឡើងថ្លៃម៉ាស ព្រោះធ្វើឲ្យប៉ះពាល់ដល់ កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ឱសថការីកម្ពុជា ពិសេស ប៉ះពាល់ដល់ជីវៈភាពប្រជាពលរដ្ឋក្រីក្រ ខណៈវីរុសកូរ៉ូណាប្រភេទថ្មីកំពុងកើតមានមួយករណីនៅខេត្តព្រះសីហនុ ។
យោងតាមសេចក្តីប្រកាសព៍ត៌មានរបស់គណៈឱសថការីកម្ពុជា បានឲ្យដឹងថា ស្ថិតក្នុងស្ថានភាពដែលពិភពលោកក៏ដូចជាព្រះរាជាណាចក្រកម្ពុជាកំពុងតែជួបនូវបញ្ហានៃការផ្ទុះឡើងនូវវីរុសកូរ៉ូណាប្រភេទថ្មី (2019-nCov) ដែលមានប្រភពពីទីក្រុងវ៉ូហាន ខេត្តហ៊ូបី នៃសាធារណរដ្ឋប្រជាមានិតចិន ជាហេតុធ្វើឱ្យប្រជាជនកម្ពុជា មានតម្រូវការចាំបាច់ក្នុងការពាក់ម៉ាស ដើម្បីការពារការឆ្លងមេរោគប្រភេទថ្មីនេះ ។
ប្រភពដដែលបានឲ្យដឹងថាស្ថិតក្នុងកាលៈទេសៈនេះគណៈឱសថការីកម្ពុជាសង្កេតឃើញឱសថស្ថានមួយចំនួនបានឆ្លៀតឱកាសដំឡើងថ្លៃម៉ាសហួសហេតុធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូរក្នុងការប្រកបវិជ្ជាជីវៈឱសថសាស្ត្រ ក៏ដូចជាកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ឱសថការីកម្ពុជា។
គណៈឱសថការីកម្ពុជា សូមអំពាវនាវដល់សមាជិក សមាជិកា ទាំងអស់ដែលជាម្ចាស់ឱសថស្ថាន ម្ចាស់ក្រុមហ៊ុនអាហរ័ណនីហរ័ណឱសថ អ្នកទទួលខុសត្រូវឱសថស្ថាន និងអ្នកទទួលខុសត្រូវក្រុមហ៊ុនអាហរ័ណ នីហរ័ណឱសថទាំងអស់ សូមកុំដំឡើងថ្លៃម៉ាស ។
ដូច្នេះឱសថការីទាំងអស់ត្រូវតែគោរពឱ្យបាននូវ ក្រមសីលធម៌ឱសថការី ក៏ដូចជាចូលរួមចំណែកក្នុងការកាត់បន្ថយការឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី(2019-nCoV)៕