ភ្នំពេញ៖ នៅវេលាម៉ោង ៧:៣០នាទីយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រកាសអោយមន្រ្តីក្រោមឱវាទរឹតបណ្តឹងការការពារទប់ស្កាត់ ការរីករាលដាល នៃវីរុសថ្មី មានឈ្មោះថា កូរ៉ូណា ដែលក្រសួងសុខាភិបាលទើបតែរកឃើញមានមួយករណី កើតលើជនជាតិចិនម្នាក់ ដែលបានមកស្នាក់នៅខេត្តព្រះសីហនុកាលពីពេលថ្មីៗនេះ ។
យោងតាមគេហទំព័រហ្វេសប៊ុកផ្សព្វផ្សាយអប់រំ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា
លោកឧត្តមសេនីយ៍ស្នងការប្រកាសយ៉ាងទទូចអោយបងប្អូន ប្រជាពលរដ្ឋទាំងអស់ និងមន្រ្តីក្រោមឱវាទព្រមទាំងក្រុមគ្រួសាររបស់ខ្លួនត្រូវរឹតបណ្តឹងការការពារនៃការរីករាលដាលនៃវិរុសនេះអោយបានខ្លាំងបំផុតតាមតែអាចធ្វើទៅបាន ដូចជាពាក់ម៉ាស់អោយបានល្អ អនាម័យខ្ពស់ និងមានការប្រុងប្រយ័ត្នជានិច្ច ។
លោកឧត្តមសេនីយ៍ស្នងការបានសង្កត់ធ្ងន់ថា សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាផ្តល់ព័ត៌មានជាបន្ទាន់ក្នុងករណីសង្ស័យណាមួយដល់សមត្ថកិច្ចដែលជិតខ្លួនបំផុតដើម្បីអោយសមត្ថកិច្ចសហការជាមួយមន្ទីសុខាភិបាលខេត្តធ្វើការបង្ការទប់ស្កាត់ទាន់ពេលវេលា ៕