ភ្នំពេញ៖ ករណី កង្ហារវិលដាច់បង្កគ្រោះថ្នាក់ដល់សិស្សម្នាក់ ដែលកំពុងអង្គុយរៀននៅ វិទ្យាស្ថានភាសាបរទេស IFL ខាងវិទ្យាស្ថានមិនទាន់មានដំណោះស្រាយជូនជនរងគ្រោះ ខណៈដែល សាមីខ្លួនកំពុងទាមទារ ឲ្យដោះស្រាយនៅលើបណ្តាញទំនាក់ទំនងសង្គម ។
ហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ បណ្តាលឲ្យនិស្សិតរូបនោះរងរបួសត្រង់ខ្ទង់ច្រមុះ និងកន្ទុយភ្នែក និងខូចខាតកុំព្យូរទ័រយួរដៃមួយគ្រឿង។
ម្ចាស់គណនី Vin Jing បានរៀបរាប់ថា« ១០ថ្ងៃមកហើយចាប់តាំងពីថ្ងៃកើតហេតុ ១៤ មករា ២០២០ រហូតមកដល់ថ្ងៃនេះ ២៤ មករា ២០២០។ ខាងសាលាពុំមានចំណាត់ការលើសំណងឲ្យសមស្របដល់នាងខ្ញុំជាជនរងគ្រោះដោយសារការធ្លាក់កង្ហារដែលមានសភាពចាស់របស់សាលានោះទេ។ ដោយតែងតែមានទំនុកចិត្តលើ IFL ទើបចង់ដោះស្រាយតាមសន្តិវិធី សម្របសម្រួលមិនចង់មានរឿងវែងឆ្ងាយនាំតែខាតពេលវាលានៃភាគីសងខាង និងខូចឈ្មោះវិទ្យាស្ថានដែលតែងតែល្បីឈ្មោះ ប៉ុន្តែចម្លើយដែលទទួលកន្លងមកគឺបានត្រឹមតែពាក្យ “សូមទោស” និង ” ករណីនេះពុំមែនជាការធ្វេសប្រហែស និងមិនអើពើរបស់អង្គភាពឡើយ។»
ម្ចាស់គណនីខាងលើបន្តថា គួរបញ្ចាក់ផងដែរថា ៖- មុខរបួសលើផ្ទៃមុនជ្រៅត្រូវដេរដល់ទៅ ៥ថ្នេរ ដែលមុខ ជាបន្សល់ស្លាកស្នាម។ – បន្ទាប់ពី scan រួច ឆ្អឹងខ្ទង់ច្រមុះវៀច។ – បន្ទាប់ពីពិនិត្យនៅពេទ្យភ្នែក ឃើញថាបាតភ្នែកហើប មានឈាមដក់ ដែលបណ្តាលឲ្យគំហើញភ្នែកមានសភាពមិនប្រក្រតី។ តើនឹងត្រូវអូសបន្លាយដល់ពេលណាទៀត ទើបមានដំណោះស្រាយយ៉ាងសមរម្យដល់អ្នករងគ្រោះ? តើអ្នកទាំងអស់យល់យ៉ាងណាចំពោះចម្លើយថា ករណីនេះពុំមែនជាការធ្វេសប្រហែស ? ដោយក្តីអនុគ្រោះ ៕