សម្តេច​តេជោ ឯកភាពឲ្យដូរឈ្មោះក្រសួង «ឧស្សាហកម្ម និងសិប្បកម្ម»

0

ភ្នំពេញ៖ ក្រសួង«ឧស្សាហកម្ម និងសិប្បកម្ម»  នឹងត្រូវប្តូរទៅជា«ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» ។​

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឯកភាពឱ្យប្តូរឈ្មោះក្រសួង «ឧស្សាហកម្ម និងសិប្បកម្ម» ទៅជា «ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍»។

ការឯកភាព បានធ្វើឡើងបន្ទាប់ពីមានសំណើរបស់លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ដែលជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មនាពេលបច្ចុប្បន្ននេះ។

យោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ផ្ញើជូនលោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ បានបញ្ជាក់ថា ទន្ទឹមនឹងការយល់ព្រមឱ្យប្តូរឈ្មោះក្រសួងហើយនោះ រាជរដ្ឋាភិបាល ក៏យល់ព្រមឱ្យធ្វើវិសោធនកម្មច្បាប់ទាំងឡាយ និងឯកសារគតិយុត្តផ្សេងៗ ដែលមានការពាក់ព័ន្ធដល់រចនាសម្ព័ន្ធ និងការប្រព្រឹត្តទៅនៃក្រសួងដែលប្តូរឈ្មោះថ្មីនេះផងដែរ។

ជាមួយគ្នានេះរាជរដ្ឋាភិបាល ក៏ឯកភាពឱ្យបង្កើតអង្គភាពថ្មីពីរទៀត គឺអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលមានថ្នាក់ស្មើអគ្គនាយកដ្ឋាន។ ការបង្កើតអង្គភាពទាំងពីរនេះ គឺពុំមានការតម្រូវឱ្យបន្ថែមនូវក្របខណ្ឌរដ្ឋនោះទេ ពោលគឺប្រើប្រាស់ក្របខណ្ឌទាំងឡាយដែលកំពុងមាន ហើយពាក់ព័ន្ធដល់ការងារវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។