ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ បានធ្វើការច្រានចោលនូវព័ត៌មានដែលបំពុលថា ជំងឺរលាកសួតប្រភេទថ្មី កូរ៉ូណា ស្វែងរកឃើញនៅទឹកដីកំពង់សោម។
យោងតាមគណនីហ្វេសប៊ុក Kanha Leng បានសរសេរថា អរុណសួរស្តីអ្នកទាំងអស់គ្នា ជូនដំណឹងថា ជំងឺរលាកសួត Wuhan ស្វែងរកឃើញនៅ កំពង់សោម ឥលូវសូមថែរក្សាសុខភាពទាំងអស់គ្នា។ គណនីដដែលបានបន្តថា មានអ្នកដំណើរម្នាក់ មានបញ្ហាជំងឺខាងលើ នៅពេលដែលមកដល់ព្រលានយន្តហោះអន្តរជាតិកំពង់សោម ហើយក្រុមការងារនៅព្រលានបានឃាត់គាត់ ដាក់បន្ទប់មួយដោយឡែក រងចាំការបញ្ជាក់ ។
ទោះបីជាយ៉ាងនេះក្តី រដ្ឋបាលខេត្តព្រះសីហនុ បានច្រានចោលនូវព័ត៌មានខាងលើ ដោយបានអះអាងថា គិតត្រឹមម៉ោងនេះនៅក្នុងទឹកដីខេត្តព្រះសីហនុទាំងមូល មិនមានករណីជំងឺរលាក សួតប្រភេទថ្មី (កូរ៉ូណា) នេះឡើយ។រាល់ការផ្សាយព័ត៌មានដែលគ្មានមូលដ្ឋាននៃការពិតគឺជាការបំពុលសង្គម និងធ្វើឲ្យមានការជ្រួលច្របល់ ។
ដោយឡែកនៅលើផេក លោក សម្ដី ផៃស៊ីផាន បានសរសេរថា« មកទល់ពេលនេះប្រទេសកម្ពុជាពុំទាន់កើតមានករណីជម្ងឺរលាកសួតកូរ៉ូណាប្រភេទថ្មីឡើយ។ នេះជាការបញ្ជាក់ដោយក្រសួងសុខាភិបាល។ សូមបញ្ជាក់ថា រាល់ព័ត៌មានផ្លូវការនឹងត្រូវប្រកាសដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។
សូមអរគុណ!»៕