ភ្នំពេញ៖ ឆ្លើយតបតាមសំណើររបស់រដ្ឋមន្រ្តីក្រសួងបរិស្ថាន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានក្រើនរំលឹក ដល់អភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវចូលរួមទប់ស្កាត់ភ្លើងឆេះព្រៃ ឬគ្រោះថ្នាក់ ដោយអគ្គិភ័យផ្សេងៗ ដែលអាចបង្កបញ្ហាដល់ប្រជាពលរដ្ឋ។
ក្នុងពិធីដាក់ឲ្យដំណើរការ អង្គភាពច្រកចេញចូលតែមួយ និងការិយាល័យ ប្រជាពលរដ្ឋរាជធានី-ខេត្ត នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ សម្ដេច ស ខេង ថ្លែងបញ្ជាក់”តាមសំណើរឯកឧត្តមរដ្ឋមន្ដ្រីក្រសួងបរិស្ថាន សូមឲ្យជួយរំលឹកខេត្តផង! ឥឡូវភ្លើងឆេះព្រៃ អីចឹងយកឱកាសនេះសូមរលឹកតែម្ដង ព្រោះអភិបាលរាជធានី-ខេត្តទាំង២៥ មកចូលរួម អីចឹងទេសូមរំលឹក ដល់អភិបាលខេត្ត ឯកឧត្តម ប្រធានក្រុមប្រឹក្សា អភិបាលតាមខេត្តយកចិត្ដទុកដាក់ ពិសេសខេត្តមានព្រៃឈើ ដែលសេសសល់ច្រើន ឬតិច ត្រូវយកចិត្ដទុកដាក់ ដល់ភ្លើងឆេះព្រៃនេះ ឬក៏គ្រោះអគ្គិភ័យផ្សេងៗទៀត”៕