ភ្នំពេញ៖លោកMikami MASSAHIRO ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាបានសន្យាថា ជប៉ុននឹងបន្តពង្រឹងកិច្ចប្រតិបត្តិការលើគម្រោងផ្សេងៗទៀត ពាក់ព័ន្ធនឹងការធ្វើទំនើបកម្មប្រព័ន្ធនាំផ្លូវហោះហើរដល់កម្ពុជា។នេះបើយោងតាមការផ្សាយរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។
ក្នុងជំនួបសម្ដែងការគួរសមនិងពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអាកាសចរណ៍ស៊ីវិលនាពេលអនាគត ជាមួយនាយឧត្តមសេនីយ៍ ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី ២២ ខែមករា ឆ្នាំ២០២០លោក Mikami MASSAHIRO បានគូសបញ្ជាក់ថា ក្រៅពីការពង្រឹងកិច្ចសហប្រតិបត្តិការលើប្រព័ន្ធហោះហើរនេះ ជប៉ុនក៏នឹងជួយពង្រឹងសមត្ថភាព និងការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យអាកាសចរណ៍ស៊ីវិលបន្តទៀតនាពេលអនាគតដល់កម្ពុជា។
នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ បានថ្លែងអំណរគុណចំពោះប្រទេសជប៉ុនដែលជួយបណ្តុះបណ្តាលធនធានមនុស្សជំនាញអាកាសចរណ៍ស៊ីវិល និងគម្រោង New CNS/ATM ដែលធ្វើឱ្យការគ្រប់គ្រង និងនាំផ្លូវហោះហើរកាន់តែមានសុវត្ថិភាពដូចបណ្តាប្រទេសជឿនលឿននានានៅលើពិភពលោក៕


