ភ្នំពេញ៖ ស្របពេលដែលថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិនកាន់តែខិតជិតមកដល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានលើកឡើងតាមពាក្យស្លោកថា ចូលឆ្នាំចិនស្រវឹងខ្មែរទៀតហើយដោយសារជីវភាពប្រជាពលរដ្ឋកាន់តែធូរធាជាងមុន។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី២២មករានេះថានៅសល់តែ ២ថ្ងៃទៀត ថ្ងៃសែនចូលឆ្នាំចិននឹងមកដល់។ មួយឆ្នាំៗពិតជាលឿនមែន ហើយមិនយូរប៉ុន្មានថ្ងៃចូលឆ្នាំខ្មែរក៏នឹងមកដល់ទៀតនៅខែមេសាខាងមុខ។
សម្ដេចតេជោបញ្ជាក់ថា”សព្វថ្ងៃនេះ បងប្អូនខ្សែស្រឡាយកាត់ចិនក៏មានកាន់តែច្រើន ហើយបងប្អូនមានជីវភាពរស់នៅកាន់តែធូរធារផងដែរ។តាមធម្មតាអោយតែចូលឆ្នាំចិនម្តងៗ គឺបានសប្បាយដល់បងប្អូនខ្មែរផងដែរ ដូចពាក្យកំពុងពេញនិយមនិយាយថា “ ចូលឆ្នាំចិន ស្រវឹងខ្មែរ”។ តែសូមចៀសវាងកុំនាំបញ្ហាដល់ខ្លួនដោយសារការសប្បាយភ្លេចគិតមិនបានប្រុងប្រយ័ត្ន ជាពិសេសក្នុងថ្ងៃសែនចូលឆ្នាំចិនខាងមុខនេះ”។
បន្ថែមពីលើនេះសម្ដេចតេជោ សូមជូនពរបងប្អូនខ្មែរ-ចិន និងជនរួមជាតិជួបតែសេចក្តីសុខចម្រុងចម្រើន និងទទួលបានលាភសំណាង និងហេងហេងគ្រប់ៗគ្នាក្នុងឱកាសចូលឆ្នាំចិនខាងមុខនេះ៕