ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឱ្យអាជ្ញាធរខណ្ឌទាំង១៤ខណ្ឌ នៅក្នុងរាជធានីភ្នំពេញ ត្រូវមើលការខុសត្រូវទៅលើការដ្ឋានសំណង់នានា ដោយមិនអនុញ្ញាតឱ្យមានកម្មករ កម្មការិនីស្នាក់នៅ ក្នុងសំណង់អាគារដែលបាននិងកំពុងសាងសង់ជាដាច់ខាតបន្ដទៀតទេ។
ក្នុងកិច្ចប្រជុំស្ដីពីសំ ណង់ចាស់ទ្រុឌទ្រោមនៅក្នុងរាជធានី ដោយមានការចូលរួមពីអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរជំនាញពាក់ព័ន្ធ នៅសាលារាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២០លោក ឃួង ស្រេង បានមានប្រសាសន៍ថា ការហាមប្រាមមិនឱ្យមានកម្មករស្នាក់នៅ ក្នុងការដ្ឋានសំណង់នេះ គឺដើម្បីរក្សាសុវត្ថិភាពជូនកម្មករ ខណៈពេលកន្លងមកនេះ នៅខេត្តព្រះសីហនុក៏ដូចជាខេត្តកែប មានបញ្ហាបាក់ស្រុតអាគារកើតឡើង ដោយបានធ្វើឱ្យកម្មករ បានស្លាប់ និងរងរបួស។
លោកអភិបាលបានបន្ដថា អាជ្ញាធរខណ្ឌ ត្រូវតែយកចិត្តទុកដាក់ឱ្យបានខ្លាំងក្លាជាមួយនឹងប្រជាពលរដ្ឋ ក្នុងនោះ ត្រូវមានអភិបាលរងមួយរូបនិងមន្ទីរជំនាញ មានអនុប្រធានមន្ទីរ១រូប ត្រូវចុះតាមដាន ពិនិត្យមើលការដ្ឋានសំណង់ដែលបាននិងកំពុងសាងសង់ ថាតើសំណង់ទាំងនោះមានច្បាប់ ស្របតាមស្តង់ដារបច្ចេកទេសទេ។ ទន្ទឹមនេះ បើពិនិត្យឃើញថា ការដ្ឋានសំណង់ទាំងនោះធ្វើខុសលក្ខណៈបច្ចេកទេសនិងមិនមានច្បាប់អនុញ្ញាតយើងត្រូវតែបិទជាបណ្ដោះអាសន្ន ហើយត្រូវហៅម្ចាស់ការដ្ឋានសំណង់មកប្រជុំដោះស្រាយ សំដៅធ្វើយ៉ាងណាឱ្យការដ្ឋានទាំងនោះ អនុវត្តន៍ទៅតាមច្បាប់ និងការសាងសង់ដែលមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ។
លោកអភិបាលរាជធានីភ្នំពេញបានលើកឡើងដែរថា នៅរាជធានីភ្នំពេញរបស់យើង ពិតជាមានអាគាចាស់ៗ ទ្រុឌទ្រោមច្រើនដែលបន្សល់តាំងពីជំនាន់បារាំងក៏មាន ដែលកាងារនេះគឺជាការងារដែលយើងត្រូវយកចិត្តទុកដាក់ និងស្រង់ស្ថិតិឱ្យបានច្បាស់ ចៀសវាងមាន បញ្ហាកើតឡើងយើងមិនបានដឹង៕