ភ្នំពេញ៖ ក្រោយពីនាយពែកមី សរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុកនាថ្ងៃទី២១ ខែមករា ថា «ប៉ូលិសចរាចរណ៏ នៅបាត់ដំបង ចាប់អស់40ម៉ឺនរៀល មើលមុខ ប៉ូលិសញញឹម សូមបងប្អូនប្រយត៏អស់លុយដូចខ្ញុំ (ចាប់ល្បឿន និងប័ណ្ណបើកបរ)» ។
ជុំវិញបញ្ហានេះ បានធ្វើឲ្យមានការងឿងឆ្ងល់ពីអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ថាហេតុអ្វីបានជាពិន័យខ្ពស់ម្លេះ ។
ទន្ទឹមជាមួយគ្នានេះដែរលើផេក ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបង្ហោះនៅថ្ងៃដដែលនោះថា ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងសូមជម្រាបជូនសាធារណៈជន ពិសេសអ្នកនិយមប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា នៅព្រឹកថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០២០ ក្រុមការងារគណៈកម្មាធិការ សុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង ដែលមានមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចូលរួមនៅក្នុងគណៈកម្មាធិការនោះបានធ្វើការត្រួតពិនិត្យមធ្យោបាយធ្វើដំណើរតាមដងផ្លូវជាតិលេខ៥ នៅចំណុច (ពុកឆ្មា)ក្នុងស្រុកសង្កែ ខេត្តបាត់ដំបង ត្រង់គីឡូម៉ែត្រលេខ PK281+200 ។
ប្រភពពីផេកខាងលើបានបន្តថា ក្នុងពេលត្រួតពិនិត្យនេះ មានរថយន្តទំនើបមួយគ្រឿងព៌ណសពាក់ស្លាកលេខ(ភ្នំពេញ 2BE 6007)បានធ្វើដំណើរក្នុងទិសដៅពីខេត្តបាត់ដំបងសំដៅទៅរាជធានីភ្នំពេញ ។ មកដល់ចំណុចត្រួតពិនិត្យនេះ អ្នកបើកបររថយន្តខាងលើ ត្រូវបានមន្រ្តីនគរបាលនៅចំណុចនេះធ្វើការត្រួតពិនិត្យរកប័ណ្ណបើកបរ ប៉ុន្តែបុរសជាអ្នកបើកបររថយន្តខាងលើឈ្មោះ ហ៊ុយ រតនា បានបញ្ជាក់ថា (គាត់មិនមានប័ណ្ណបើកបររថយន្តទេ) ។ ករណីបែបនេះ មន្រ្តីនគរបាលចរាចរណ៍ដែលចូលរួមនៅក្នុងគណៈកម្មាធិការបានប្រាប់អំពីកំហុសឆ្គងរបស់គាត់ក្នុងការបើកបររថយន្តដោយ(គ្មានប័ណ្ណបើកបរ)ដែលត្រូវទទួលការពិន័យអន្តរការណ៍ស្របតាមមាត្រា១០នៃអនុក្រិត្យលេខ៤៤អនក្រ.បកចុះថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០១៧ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ។
អ្នកបើកបររថយន្តឈ្មោះ ហ៊ុយ រតនា បាន
ទទួលស្គាល់អំពីកំហុសឆ្គងរបស់ខ្លួន និងបានយល់ព្រមឲ្យមន្រ្តីនគរបាល ធ្វើការផាកពិន័យអន្តរការណ៍ដោយមានប័ណ្ណផាកពិន័យត្រឹមត្រូវ ជាមួយនេះមន្រ្តីនគរបាលចរាចរណ៍បានធ្វើការអប់រំណែនាំគាត់កុំឲ្យមានកំហុសឆ្គងបែបនេះជាបន្តទៀត ស្របពេលជាមួយនោះមានបុរសម្នាក់ដែលស្គាល់ឈ្មោះហៅថា(ពែកមី)ជាតារាកំប្លែងបានចេញពីក្នុងរថយន្តខាងលើហើយយកប្រាក់ទៅបង់ថ្លៃ(ពិន័យអន្តរការណ៍) នេះជំនួសអ្នកបើកបររថយន្តឈ្មោះ ហ៊ុយ រតនា ព្រមទាំងសុំថតរូបភ្ជាប់ជាមួយមន្រ្តីនគរបាលចរាចរណ៍ផង មុនពេលគាត់ចូលទៅក្នុងរថយន្តខាងលើវិញនិងចាកចេញទៅ ។
ប្រភពពីផេកខាងលើបានបន្ថែមថា ការអនុវត្តនូវតួនាទីនិងភារកិច្ចរបស់មន្រ្តីនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចំពោះករណីខាងលើ គឺមន្រ្តីនគរបាលបានអនុវត្តស្របតាមច្បាប់ ស្របតាមអនុក្រិត្យ តួនាទីនិងភារកិច្ចរបស់ខ្លួនដោយត្រឹមត្រូវ ហើយការបំភ្លឺជូនរបស់ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅពេលនេះ ដើម្បីចៀសវាងនូវការភ័ន្តច្រឡំណាមួយពីមហាជន ពិសេសអ្នកនិយមប្រើប្រាស់បណ្តាញសង្គមចំពោះករណីខាងលើ ដោយសេចក្តីគោរពបំផុត សូមអរគុណ ៕