សម្តេច​ក្រឡាហោម ស ខេង ៖ ចង់ឲ្យមានច្បាប់ដកបណ្ណបើកបររបស់អ្នកបរក្នុងស្ថានភាពស្រវឹង និងអ្នកបើកបរញៀនថ្នាំត្រូវពិន័យលែងឱ្យបើកបរមួយជីវិត

0

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ នាព្រឹកថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២០នេះ សម្តេចក្រឡាហោម ស ខេង ចង់ឱ្យមានការធ្វើវិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឬកែប្រែលើអនុក្រឹត្យ ដើម្បីបង្កើនកម្រិតផាកពិន័យអ្នកប្រព្រឹត្តល្មើសច្បាប់បើកបរឱ្យបានធ្ងន់ធ្ងរជាងពេលបច្ចុប្បន្ន រហូតឈានដល់ការដកបណ្ណបើកបររបស់អ្នកបរក្នុងស្ថានភាពស្រវឹង និងអ្នកបើកបរញៀនថ្នាំត្រូវពិន័យលែងឱ្យបើកបរមួយជីវិត។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា«បើឃើញថា អ្នកហ្នឹងបើកបរក្នុងស្ថានភាពស្រវឹងចោះពែកមី (បណ្ណបើកបរ) ហ្នឹងមួយ។ ចោះតែម្តង បើគ្រាន់តែចុះក្នុងក្រដាស់ផ្សេងអត់បានទេ គឺចោះតែម្តង ដើម្បីស្រួលពិនិត្យ។ លើកទីពីរចោះមួយទៀត លើកទីបី ដកពែកមី ហើយហាមមិនឱ្យបើកបរក្នុងរយៈពេលប៉ុន្មាន? មួយឆ្នាំ ឬពីរឆ្នាំ ។ បើរកឃើញអ្នកមានសារជាតិញៀនមិនបាច់និយាយអ្វីទាំងអស់ បើថាមានពែកមី ចោះដល់៥-៦ មិនមែនចោះពីរទេ ហើយដកយកតែម្តង។ អ្នកហ្នឹង គឺមួយជីវិតមិនអនុញ្ញាតឱ្យបើកបរ»។

សម្តេចក្រឡាហោម បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «ទាំងនេះមិនមែនដើម្បីលុយទេ ទាំងនេះដើម្បីជីវិតរបស់ពួកគាត់មិនអ៊ីចឹង? ដើម្បីជីវិតរបស់ពួកយើងទាំងអស់គ្នា។ កុំយល់ច្រឡំថា គិតតែពីផាកពិន័យសំខាន់យកលុយនោះមិនមែនទេ។ មិនមែនក្នុងន័យអ៊ីចឹងទេ លុយហ្នឹងមិនមែនយកចូលរដ្ឋទេ យកមកដើម្បីលើកទឹកចិត្តឱ្យប៉ូលិសធ្វើការ សមត្ថកិច្ចដែលធ្វើការណុងទេ។ មិនមែនក្នុងន័យថា រឹបអូសអ៊ីចឹង ដើម្បីបានលុយច្រើនយកទៅណាផ្តេសផ្តាស់ទេ មិនមែនទេ។ ដើម្បីធានាការពារការគោរពច្បាប់ ហើយធានាជីវិត ព្រោះអាយុជីវិតវាធំជាងគេបំផុត វាមានតម្លៃជាងគេបំផុតគ្មានអ្វីកាត់ថ្លៃបានទេ»៕​