ភ្នំពេញ៖ រឿងថ្មីមួយទៀតនៅឆ្នាំ ២០២០ នេះ ដោយមន្ត្រីមានឥទ្ធិពលក្នុងខេត្តកំពត បានយកឡានស្លាកលេខ ខ.ម ដឹកដីកាងចាក់ដីរំលោភដែនសមុទ្រ សហគមន៍នេសាទព្រែកត្នោតនៅខេត្តកំពត ។
យោងតាមការចុះផ្សាយរបស់គេហទំព័រដើរមអម្ពិល បានចុះផ្សាយ នៅព្រឹកនេះឲ្យដឹងថា លោក អេងជាសាន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលជលផលនៅព្រឹកថ្ងៃទី១៩ខែមករាឆ្នាំ២០២០នេះបានដឹកនាំមន្រ្តីជំនាញចុះត្រួតពិនិត្យករណីចាក់ដីរំលោភយកដែនសហគមន៍នេសាទព្រែកត្នោត ក្រោយលោក ជាវ តាយ អភិបាលខេត្តកំពតហាមមិនឲ្យចាប់គ្រឿងចក្រទាំងនោះ។ ករណីដឹកនាំនៅព្រឹកនេះបន្ទាប់ពីធ្វើឡើងម្តងរួចហើយ នៅរសៀលថ្ងៃទី១៨ ខែមករា ម្សិលមិញ ដោយក្នុងនោះខណ្ឌរដ្ឋបាលជលផលខេត្តកំពត បានបន្តចុះឃាត់ការចាក់ដីរំលោភដែនសហគមន៍នេសាទព្រែកត្នោត ដែលបានចាក់លុបគោលព្រំអស់ចំនួន៣ និងថ្នាលបណ្ដុះកោងកាងចំនួន ៧ពាន់ដើម។
ប្រភពពីគេហទំព័រខាងលើបានចុះបន្តថា ការចាក់ដីនេះអាចដំណើរការបានរលូនដោយសារមានការយកឈ្មោះមន្រ្តីរាជរដ្ឋាភិបាលនិងរដ្ឋលេខាធិការក្រសួងដែលមានឥទ្ធិពលមួយមកបាំងមុខ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះការចាក់ដីរំលោភយកដែនសហគមន៍នេសាទព្រែកត្នោតនេះមានការប្រើប្រាស់ឡានពាក់ផ្លាកលេខខេមរភូមិន្ទ។
រដ្ឋបាលជលផលខេត្តកំពតបានបញ្ជាក់ថា ការចាក់ដីនេះមានបណ្ដោយ ៩៩ម៉ែត្រទទឹង ១០ម៉ែត្រហើយករណីនេះលោកអភិបាលខេត្តកំពត លោក ជាវ តាយ មិនឱ្យចាប់គ្រឿងចក្រ ព្រមទាំងឱ្យបន្តសកម្មភាពដដែល៕



