ភ្នំពេញ៖ គិតត្រឹមខែមករា ដើមឆ្នាំ២០២០នេះ កម្មករនិយោជិតបម្រើការងារនៅតាមបណ្ដារោងចក្រមួយចំនួន បានផ្ទុះការតវ៉ាជាបន្តបន្ទាប់ ដើម្បីទាមទារឲ្យភាគីក្រុមហ៊ុនបើកប្រាក់ឈ្នួល ប្រាក់រំលឹកអតីតភាពការងារដែលនៅសេសសល់ ទទួលយកតំណាងសហជីពចូលធ្វើការងារវិញ ក៏ដូចជាអត្ថប្រយោជន៍ផ្សេងៗទៀត។
យោងតាមហ្វេសប៊ុកផេករបស់ unionwebs.orgនៅថ្ងៃទី១៨មករានេះបានឲ្យដឹងថា ជាក់ស្ដែងនៅក្នុងខែមករានេះ កម្មកររាប់ពាន់នាក់បម្រើការងារនៅរោងចក្រ ឌីកនើធី នីតធើរ លីមីតធីត (Dignity Knitter Limited) ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល នាំគ្នាធ្វើកូដកម្មជាប់ៗគ្នា ដើម្បីទាមទារ ឲ្យថៅកែបើកប្រាក់ឈ្នួល និងប្រាក់រំលឹកអតីតភាពការងារជូនពួកគេ។
រោងចក្រ ឌីកនើធី នីតធើរ លីមីតធីត មិនទាន់បានបើកប្រាក់អតីតភាពការងារ និងប្រាក់ឈ្នួលក្នុងខែធ្នូ ឆ្នាំ២០១៩ ជូនកម្មករនៅឡើយទេ។ បើតាមកិច្ចព្រមព្រៀងរវាងភាគីក្រុមហ៊ុនជាមួយនឹងកម្មករ គឺថៅកែត្រូវបើកប្រាក់ឈ្នួលលើកទី១ជូនកម្មករ នៅថ្ងៃទី៨ និងលើកទី២ នៅថ្ងៃទី២២ នៃខែនីមួយៗ ប៉ុន្តែ ប្រាក់ឈ្នួលបើកលើកទី១ នៃខែធ្នូ ឆ្នាំ២០១៩ មិនទាន់បើកនៅឡើយទេ រហូតមកដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០។
ដូចគ្នានេះដែរ កម្មករបម្រើការងារនៅរោងចក្រ ស្យុង យិន (Zhong Yin Cambodia B Textile Co.LTD) ដែលមានទីតាំងស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល រាប់រយនាក់ ក៏បានផ្ទុះការតវ៉ាជាបន្តបន្ទាប់ ដូចគ្នាដែរនៅក្នុងខែមករានេះ ដោយទាមទារឲ្យមានការបើកប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ ករណីដែលថៅកែបញ្ឈប់ពួកគេពីការងារដោយសារតែគ្មានអីវ៉ាន់ឲ្យធ្វើ ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានកិច្ចអន្តរាគមន៍ ឬដំណោះស្រាយពីភាគីពាក់ព័ន្ធណាមួយនៅឡើយទេ។
ដោយឡែក កម្មកររោងចក្ររាប់រយនាក់ បម្រើការងារនៅក្រុមហ៊ុន ផាកហេនប៊ែក ផលិតកាបូប ដែលមានទីតាំងស្ថិតក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺឯណោះវិញ ក៏បានផ្ទុះការតវ៉ាអស់រយៈពេលជិត១០ថ្ងៃ (០៨-១៦ ខែមករា) ដើម្បីទាមទារនូវលក្ខខណ្ឌការងារមួយចំនួន។ រហូតដល់ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ មានមន្ត្រីសហជីពចំនួន៤រូបដែលដឹកនាំធ្វើកូដកម្ម ក្នុងនោះមានម្នាក់ជាទីប្រឹក្សាអមក្រសួងការងារផងដែរ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហើយបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីបន្ដនីតិវិធី។
រហូតមកដល់ពេលនេះ ការបើកប្រាក់រំលឹកអតីតភាពការងារលើកទី២ ដែលត្រូវនឹងខែធ្នូ ឆ្នាំ២០១៩ រោងចក្រមួយចំនួនពុំបានអនុវត្តទៅតាមសេចក្ដីប្រកាសរបស់ក្រសួងការងារនោះទេ ជាហេតុនាំឲ្យមានការផ្ទុះការតវ៉ាជាបន្តបន្ទាប់នៅដើមឆ្នាំ២០២០នេះ។
កន្លងមក លោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជា ធ្លាប់លើកឡើងថា ការបើកប្រាក់រំលឹកអតីតភាពការងារយឺតយ៉ាវ អាចជាចរន្តរុញច្រានទៅជាវិវាទ ដែលអាចកើតឡើងក្នុងកំឡុងពេលណាមួយ ប្រសិនបើនិយោជកមិនបានអនុវត្តស្របតាមសេចក្តីប្រកាស ហើយក្រសួងការងារមិនបានចាត់មន្រ្តីចុះធ្វើការតាមដានដោយយកចិត្តទុកដាក់ទេនោះ។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ ធ្លាប់អះអាងកាលពីពេលថ្មីៗនេះថា ការបើកប្រាក់រំលឹកអតីតភាពការងារដំណាក់កាលទី២ (ក្នុងខែធ្នូ) ខាងក្រសួងបានចាត់មន្ត្រីឲ្យចុះពិនិត្យ និងតាមដានការអនុវត្តរបស់ថៅកែរោងចក្រ ខណៈដែលសហជីពនៅតែរកឃើញថា មកទល់ពេលនេះ មានរោងចក្រមួយចំនួន ពុំបានអនុវត្តតាមសេចក្ដីប្រកាសរបស់ក្រសួងនោះទេ។
គួររំលឹកជូនថា កាលពីឆ្នាំ២០១៨ ក្រសួងការងារបានប្រកាសពីការផ្លាស់ប្តូរនីតិវិធីអនុវត្តទូទាត់ប្រាក់បំណាច់អតីតភាពការងារជូនកម្មករនិយោជិត ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង ពីការបើកសរុបប្រាក់បំណាច់នេះនៅពេលបញ្ចប់ការងាររបស់កម្មករ មកជាការបើកជាទៀងទាត់ក្នុង ១ឆ្នាំ ២ដង ចាប់ពីឆ្នាំ ២០១៩។ ក្នុងនោះក្រសួងបានប្រកាសថា ការបើកប្រាក់អតីតភាពការងារលើកទី១ ត្រូវធ្វើឡើងនៅខែមិថុនា និងលើកទី២ នៅក្នុងខែធ្នូ៕