ភ្នំពេញ៖ បើយោងតាមគេហទំព័រហ្វេសប៊ុករបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានឲ្យដឹងថាសិស្សវិទ្យាល័យក្រូចឆ្មារ ស្ថិតក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ចំនួន២៦នាក់ ចាប់ពីម៉ោង១រសៀលថ្ងៃទី១៧មករារហូតមកដល់ព្រឹកនេះបានសន្លប់ជាបន្តបន្ទាប់ដោយមិនទាន់ដឹងមូលហេតុច្បាស់ប៉ុន្តែមិនមានអ្នកណាម្នាក់មានគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ។
បើតាមរបាយការណ៍របស់លោក សយ ទូច អភិបាលស្រុកក្រូចឆ្មារបានឲ្យដឹងថា នៅថ្ងៃទី១៧ ខែមករាឆ្នាំ២០២០ម្សិលមិញនេះ ចាប់ពីវេលាម៉ោង១ថ្ងៃត្រង់ រហូតដល់ម៉ោង៤:៣០នាទីល្ងាច សិស្សនៅវិទ្យាល័យក្រូចឆ្មារចំនួន ១២នាក់កំពុងអង្គុយរៀនក្នុងថ្នាក់បានសន្លប់ជាបន្តបន្ទាប់និង ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យស្រុក ដោយមិនមានគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ។
បើតាមការសន្និដ្ឋានរបស់ពេទ្យ ចំពោះមូលហេតុ សិស្ស២នាក់ខ្វះជាតិស្ករ ក្រៅពីនោះ គាត់មានសភាពខ្សោយ តាមរបៀបរៀនច្រើនពេក ពេលសំរាកបានតិចពេក។
ប៉ុន្តែរហូតមកដល់ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០នេះ សិស្ស១៤នាក់ផ្សេងទៀត បានបន្តសន្លប់ជាបន្តបន្ទាប់ ក្នុងចំណោមសិស្សជាច្រើន ពេលកំពុងឈរគោរពទង់ជាតិ ប៉ុន្តែបច្ចុប្បន្នត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យស្រុកក្រូចឆ្មាររួមជាមួយនឹងការមើលថែយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យនិងកំពុងតាមដានរកប្រភពនៃការសន្លប់របស់សិស្សនេះជាបន្តទៀតផងដែរ ៕