ភ្នំពេញ៖ ដើម្បីលើកស្ទួយការប្រើប្រាស់ប្រាក់រៀល ធនាគារជាតិនៃកម្ពុជា បានដាក់ចេញនូវវិធានការថ្មីៗជាច្រើន ដែលបានផ្ដល់ផលវិជ្ជមាន ដល់ការប្រើប្រាស់ប្រាក់រៀល ក្នុងវិស័យសេដ្ឋកិច្ច។
តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារជាតិកម្ពុជាកាលពីថ្ងៃទី១៧ មករា ម្សិលមិញ
លោក ជា ចាន់តូ បានបញ្ជាក់ថា «ដោយឃើញពីភាពវិជ្ជមាន ក្នុងការប្រើប្រាស់ប្រាក់រៀលនេះ ខ្ញុំសូមស្នើអគ្គនាយកដ្ឋានទាំងអស់ បន្ដវិធានការលើកកម្ពស់ ការប្រើប្រាស់ប្រាក់រៀលជាប្រចាំ ដែលពង្រឹងអភិវឌ្ឍន៍វិធានការដែលមានស្រាប់ និងដាក់ចេញនូវវិធានការថ្មីៗ ដោយផ្អែកលើសកម្មភាពជាក់ស្ដែង និងសន្សឹមៗទៅតាមការរីកចម្រើននៃវិស័យសេដ្ឋកិច្ច»។
ធនាគារជាតិនៃកម្ពុជាក៏បានឲ្យដឹងផងដែរថា «ការកើនឡើងជាលំដាប់នៃប្រាក់រៀលនេះ បានឆ្លុះបញ្ចាំងតាមរយៈ កំណើនប្រាក់រៀល ក្នុងចរាចរណ៍មាន៣៣% និងកំណើនប្រាក់បញ្ញើជារៀលមាន៣៧%។ កំណើននេះបានបន្ទាបកម្រិតដុល្លារូបនីយកម្មបន្តិច (វាស់ដោយអនុបាតប្រាក់បញ្ញើ ជារូបិយប័ណ្ណធៀបនឹងរូបិយវត្ថុទូទៅ) មកត្រឹម៨២.៩% ធៀបនឹង៨៤.៨%នៅឆ្នាំមុន»៕