ភ្នំពេញ៖ ថ្វីបើនៅលើផេករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហោះនៅរាត្រីយប់នេះថា រឿងរ៉ាវក្មេងស្រី៤នាក់ ដែលវាយទៅលើក្មេងស្រី ១នាក់ ដោយទាត់ធាក់យ៉ាងព្រៃផ្សៃ ត្រូវបានបញ្ចប់ក៏ដោយនោះ ប៉ុន្តែលោក ពេជ្រ ស្រស់ បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់លោកថា នឹងមិនអាចយកលុយមកបញ្ចប់រឿងត្រឹមហ្នឹងបានទេ ដោយលោកនឹងដាក់មេធាវីប្តឹងក្មេងទំនើងទាំង៤នាក់នោះ ខណៈប្រធានគណបក្សខ្មែរក្រោក ក៏បានបង្ហាញសារមិនសុខចិត្តដូចគ្នា។
លោក ពេជ្រ ស្រស់ បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោក នៅរាត្រីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ថា «ខ្ញុំនឹងដាក់មេធាវីរបស់ខ្ញុំប្តឹងក្មេងទំនើង ៤នាក់ ប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌទៅតុលាការ ដោយមិនអាចយកលុយមកបញ្ចប់រឿងបានទេ បើពុំនោះទេនឹងកើតក្មេងទំនើងពេញស្រុកខ្មែរមិនខានឡើយ។ច្បាប់គឺជាច្បាប់ ច្បាប់សម្រាប់មនុស្សមិនគ្រប់អាយុក៏មានចែងដែរ។បញ្ជាក់មិនមែនខ្ញុំឈ្លោះជាមួយក្មេងទេ ប៉ុន្តែត្រូវតែពង្រឹងច្បាប់ គឺដើម្បីថែរក្សានូវសណ្តាប់ធ្នាប់សង្គម។ ១៧/០១/២០២០ ។»
ដោយឡែកនៅលើផេករបស់លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោកវិញ ក៏បានបង្ហាញសារមិនសុខចិតដូចគ្នាជុំវិញករណីខាងលើ ដោយមិនឲ្យបញ្ចប់ក្នុងលទ្ធផលសំណង ២០០០ ដុល្លារឡើយ។
លោកសុខ សុវណ្ណវឌ្ឍនាសាប៊ុង បានសរសេរនៅលើបណ្តាញសង្គមថា ក្មេង៤នាក់ វាវាយគេយ៉ាងចាស់ដៃ ដោយក្នុងអារម្មណ៍របស់វាបង្ហាញកាយវិការដោយគ្មានអារម្មណ៍អាណិតអាសូរបន្តិចសោះលើក្មេងស្រីម្នាក់នោះ ទីបំផុតវាសងសំណងត្រឹម២០០០ដុល្លាបញ្ចប់រឿង ។
លោកបានបង្ហោះដោយបញ្ជាក់ពី មូលដ្ឋានចំនួន ២ ដែលបង្ហាញពីភាពមិនប្រក្រតីនៃសិស្សសាលាទាំង ៤នាក់ ។
យើងមើលមូលដ្ឋាន ២
១ ពេលលើកដៃវាយគេវាអត់មានចិត្តអាណិតអាសូទេ ហើយវាយម្ដងជាពីដង ចេតនានេះលក្ខណៈចិត្តសាស្ត្រ គឺក្រោមមនុស្ស psycho បន្តិចប៉ុណ្ណោះ ព្រោះប្រព័ន្ធប្រសាទរបស់វាត្រូវបានពង្វក់ដោយឥទ្ធិពលអាក្រក់មួយចំនួននឹងសង្គម ដោយអាចភ្ជាប់ជាមួយហ្សេនរបស់ក្រុមគ្រួសារឪពុកម្ដាយ ដែលមានចរឹតបែបហ្នឹងស្រាប់ផង ដូចនេះរូបារម្មណ៍នៃភាពអាណិតអាសូរ រន្ធត់ ភិតភ័យរបស់មនុស្សដែលមានស្រាប់ពីធម្មជាតិរបស់វាបានបាត់បង់អស់ស្ទើរពាក់កណ្ដាល ។
២ ពេលគេចាប់វាអោយឈរទន្ទឹមគ្នា វាមិនបង្ហាញអារម្មណ៍សូម្បីបន្តិចថា អាកប្បកិរិយារបស់វាដែលប្រព្រឹត្តនឹងមានភាពហួសហេតុ ក្នុងឥរិយាបថជាមនុស្ស វាអត់បង្ហាញចេតនាណាមួយថាវាស្ដាយក្រោយអីសោះ
ជាទូទៅក្មេងស្រីអាយុ១៥ឆ្នាំ ការគិតវែងឆ្ងាយ ស្ទើរមនុស្សប្រុសអាយុ២០ឆ្នាំ ដែលជាធម្មជាតិបានកំណត់មក តែក្មេងស្រីទាំងនេះបង្ហាញទង្វើមិនមែនគាត់មានចរឹតក្មេងអ្វីនោះទេ ការពិតទង្វើខុសឆ្គងរបស់គាត់ជាចេតនា ជាអំពើ នឹងជាគម្រូនៃភាពកាចសាហាវដែលប្រទូស្តនឹងសីលធម៌ខ្មែរ។
មានមហាជនមួយចំនួនដែលគិតរាក់លើបញ្ហានេះ គាត់និយាយថា សងលុយទៅចប់បញ្ហាហើយ ទុកអនាគតអោយក្មេងទាំង៤នឹងផង ខ្ញុំវិញគិតថា គួរអនុវត្តន៍ច្បាប់អោយបានតឹងរឹងជាធរមានចំពោះក្មេងទាំងនេះ
បើសងត្រឹមលុយចប់បញ្ហា ទើបជាការអោយក្មេងទាំង៤នោះបាត់បង់អនាគត ។
ក្មេង៤នេះ ត្រឹមសិស្សសាលា គ្មានលទ្ធភាពអីធំដុំផងក៏អាចបង្ករអំពើប៉ុណ្ណឹងទៅហើយ ប្រសិនជាតទៅមុខពួកគេនៅតែខ្វះការអប់រំមួយប្រកបដោយវិន័យតឹងរឹង ហើយរួមទាំងគេមានលទ្ធភាពផង ប្រហែលអាចបង្ករបញ្ហាធំជាងនេះផង ។ យ៉ាងណាមិញទង្វើក្មេងទាំងនេះ បានឆ្លុះបញ្ចាំងពីចរឹតឪពុកម្ដាយរបស់វាផ្ទាល់ ។ ដោយឡែកក៏ឆ្លុះបញ្ចាំងពីសង្គមផងដែរថាតើនៅបណ្ដាសាលាណាទៀតដែលមានបញ្ហានេះ ហើយត្រូវមានការទប់ស្កាត់
ព្រោះសិស្ស ស្លូតៗអាចគេធ្វើបាប ហើយអនាគតពួកគេដែលត្រូវរងសម្ពាធនៅសាលា នឹងផ្លាស់ប្ដូរពួកគេអោយមានជំងឺផ្លូវចិត្ត។
លោកបានបន្តថាខ្ញុំសង្កេតមើលថា ធនធានមនុស្សរបស់យើង ផលិតភាពចេញមកមានភាពមិនពេញលេញ ព្រោះភាគច្រើនកាលនៅកុមារ គេឆ្លងកាត់ការរៀនសូត្រ មួយដែលរងទៅដោយសម្ពាធ ។ នេះជាបញ្ហាមួយដែលពុំគួរមើលរំលង ៕