ក្រសួងបរិស្ថានថាសព្វថ្ងៃស្រុកខ្មែរមានសត្វដំរីព្រៃប្រមាណជាង ៥០០ ក្បាល

0

ភ្នំពេញ៖លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ឱ្យដឹងថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានសត្វដំរីព្រៃចំនួនប្រមាណជាង ៥០០ ក្បាលដែលកំពុងតែរស់នៅក្នុងប្រទេសកម្ពុជា នៅក្នុងនោះតាមការសិក្សា សត្វដំរីព្រៃនៅក្នុងដែនជម្រក សត្វព្រៃកែវសីមា មានប្រមាណជាង ១១០ ក្បាល នៅតំបន់ជួរភ្នំក្រវ៉ាញមានចំនួនប្រមាណជិត២០០ក្បាលនិងរស់នៅក្នុងតំបន់ការពារធម្មជាតិនានារបស់ប្រទេសកម្ពុជា។

រដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះក៏បានឱ្យដឹងថា យោងតាមការសិក្សា ចំនួនសត្វដំរីព្រៃនៅ កម្ពុជាក៏ដូចជា នៅប្រទេសផ្សេងៗទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍មានការធ្លាក់ចុះច្រើននៅក្នុងរយៈពេល ប៉ុន្មានទសវត្សរ៍ចុងក្រោមនេះដោយសារតែការបរបាញ់ខុសច្បាប់ ការបំផ្លាញជម្រកសត្វដំរី និងជម្លោះ រវាងដំរី និងមនុស្ស ខណៈស្រែចម្ការរបស់បងប្អូន ប្រជាពលរដ្ឋមួយចំនួនដាំនៅជាប់នឹងព្រៃហើយពេល ខ្លះដំរីមកស៊ីដំណាំ។ លោកនេត្រ ភក្ត្រា បានបន្តថា ចំណែកសត្វដំរី ស្រុកដែលចិញ្ចឹមដោយអ្នកស្រុកមានចំនួនប្រមាណ ៧០ ក្បាល។ ចំនួនសត្វដំរី ស្រុកពិតជាមានការ ថយចុះដោយសារតែមិនមានការបន្តពូជបែបធម្មជាតិ និងដំរីខ្លះមានវ័យចាស់ និងបានស្លាប់ជាបន្ត បន្ទាប់។

លោកបានគូសបញ្ជាក់ថា ដើម្បីការពារ និងអភិរក្សសត្វដំរីឱ្យបានគង់វង្សនៅក្នុងប្រទេស កម្ពុជា រាជរដ្ឋាភិបាលកម្ពុជាបានសហការជាមួយអង្គការ ដៃគូនានា រៀបចំផែនការអភិរក្ស និងការពារ សត្វដំរីនៅកម្ពុជា រៀបចំផែនការយុទ្ធសាស្ត្រក្នុងការអភិ រក្សសត្វដំរី ដោយពង្រឹងប្រសិទ្ធភាពការពារ ធន ធម្មជាតិព្រៃឈើ ដែលជាទីជម្រកនិងកន្លែងផ្តល់ចំណី ដល់សត្វដំរី និងការ ពង្រឹងការអនុវត្តច្បាប់ ប្រឆាំងនឹងជនល្មើស ការហាមឃាត់ការបរបាញ់សត្វព្រៃ ដើរប្រមូលអន្ទាក់ដែលព្រាន ព្រៃដាក់នៅ ក្នុង ព្រៃនិងការអប់រំផ្សព្វ ផ្សាយដល់ប្រជាពលរដ្ឋ ដែលប្រកប របរដាំដាំនៅតាមចម្ការនានាក្បែរតំបន់ ការពារធម្មជាតិ កុំប្រើប្រាស់សារធាតុគីមី ឬបាញ់សត្វដំរីដែល ចូលស៊ីដំណាំរបស់ខ្លួន។

ជាមួយគ្នានេះលោករដ្ឋលេខាធិការក្រសួងបរិស្ថានបានបន្ថែមថា នៅក្នុងវិធានការទប់ស្កាត់ការជួញដូរសត្វព្រៃខុស ច្បាប់ជាពិសេសការជួយដូរភ្លុកដំរី កុយរមាសជាដើម ក្រសួងបរិស្ថានបានព្រមានរួចហើយតាមរយៈ
ការចេញលិខិតដល់ម្ចាស់អាជីវកម្មលក់វត្ថុអនុស្សាវរីយ៍ប្រមាណ ១០០ នៅក្នុងរាជធានីភ្នំពេញ ខេត្ត សៀមរាប និងខេត្តព្រះសីហនុ បញ្ឈប់រក្សាទុក ឬលក់ដូរទំនិញហាមឃាតទាំងនេះ ហើយត្រូវប្រគល់
ជូនសមត្ដកិច្ច បើបន្តប្រព្រឹត្តនឹងត្រូវផ្តន្ទាទោសតាមច្បាប់៕