ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ ស៊ុយ សុគន្ធា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងជាប្រធានលេខាធិការដ្ឋានបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើលួចឆក់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បទល្មើសជារួមកើតឡើងនៅក្នុងខែធ្នូ ឆ្នាំ២០១៩កន្លងទៅ មានចំនួន៥៦ករណី កើន២ករណី ក្នុងនោះបទលួច២៧ករណី និងបទឆក់២៩ករណី ។
ក្នុងកិច្ចប្រជុំត្រួតពិនិត្យវាយតម្លៃសភាពការណ៍បទល្មើសលួច ឆក់ នៅរាជធានីភ្នំពេញ ប្រចាំខែធ្នូ ឆ្នាំ២០១៩ និងលើកទិសដៅបន្ដនៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ទោ ស៊ុយ សុគន្ធា ជាលទ្ធផលនៃប្រតិបត្តិការ ដោយមានការខិតខំប្រឹងប្រែងពីកងកម្លាំងគ្រប់អង្គភាពទាំងអស់ បានសហការគ្នាចូលរួមបង្ក្រាប ចំនួនសរុប៤១ករណី ចាប់ជនសង្ស័យ៥២នាក់ ក្នុងនោះជនសង្ស័យបង្ក្រាបបានក្រោយធ្វើតេស្ដធ្លាប់ប្រើសារធាតុញៀន មាន៤៨នាក់ ស្មើនឹង៩២ភាគរយ ។
ថ្លែងក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា នៅតែបន្ដក្រើនរំលឹក និងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យកម្លាំងនាយកដ្ឋានជំនាញពាក់ព័ន្ធ ត្រូវសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើយ៉ាងណាត្រូវតែបង្ការ ទប់ស្កាត់កុំឲ្យបទល្មើសកើតមាន ហើយប្រសិនបើបទល្មើសកើតឡើងរួចហើយ ត្រូវតែរួមគ្នាបង្ក្រាបឲ្យខាងតែបាន សម្ដៅកាត់បន្ថយបទល្មើសក្នុងរាជធានីភ្នំពេញ ។
អគ្គស្នងការរងនគរបាលជាតិរូបនេះ ក៏បានកោតសរសើរដល់កងកម្លាំងគ្រប់អង្គភាពទាំងអស់ ដែលកន្លងទៅសហការគ្នាបានយ៉ាងល្អ ក្នុងការបង្ក្រាបបទល្មើសដែលកើតមាន។ បន្ថែមពីនេះ ឯកឧត្តម ក៏បានណែនាំឲ្យរិះរកនៅអ្វីដែលជាបញ្ហាប្រឈម ដែលនាំឲ្យបទល្មើសកើតឡើង ។
លើសពីនេះឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា បានបញ្ជាឲ្យពង្រឹង និងជំរុញការងារគ្រប់គ្រងមុខសញ្ញា និងនីតិវិធីកសាងសំណុំរឿង ដើម្បីមានភស្ដុតាងរឹងមាំដាក់បន្ទុកផ្តន្ទាទោសឲ្យបានកម្រិតខ្ពស់ (បទឧក្រិដ្ឋ) ស្របតាមក្រមព្រហ្មទណ្ឌ។ ពិនិត្យឡើងវិញករណីមុខសញ្ញាឆក់ ដែលត្រូវបានដោះលែង ហើយធ្វើសកម្មភាពឡើងវិញ ដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំមានវិធានការបន្ដ និងបន្ដស្រាវជ្រាវស៊ើបអង្កេតបង្ក្រាបករណីសេសសល់ ៕