Home សង្គម សូមជ្រាប! សាលាក្រុងបិទចរាចរណ៍រយៈពេល១៤៩ថ្ងៃ លើកំណាត់ផ្លូវ៣៧១ ដើម្បីស្ថាបនាស្ពានទ្វារទឹកដើមស្លែង

សូមជ្រាប! សាលាក្រុងបិទចរាចរណ៍រយៈពេល១៤៩ថ្ងៃ លើកំណាត់ផ្លូវ៣៧១ ដើម្បីស្ថាបនាស្ពានទ្វារទឹកដើមស្លែង

0

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញប្រកាសបិទចរាចរណ៍រយៈពេល១៤៩ថ្ងៃ លើកំណាត់ផ្លូវលេខ៣៧១ ចាប់ពីលេខ២០០៤ ដល់ផ្លូវលេខ ២០០៦ ស្ថិតក្នុងព្រំប្រទល់ខណ្ឌសែនសុខ និងខណ្ឌមានជ័យរាជធានីភ្នំពេញ ដើម្បីស្ថាបនាស្ពានទ្វារទឹកដើមស្លែង​ ឆ្លងកាត់ប្រឡាយស្ទឹងមានជ័យមាន​ ដែលកំពុងមានសភាពចាស់ទ្រុឌទ្រោម។
រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ បានជម្រាបជូនដំណឹងថា រដ្ឋបាលរាជធានីភ្នំពេញ ចាប់ផ្ដើមសាងសង់ស្ពានបេតុងថ្មី ត្រង់ចំណុចទ្វារទឹកដើមស្លែង និងដាក់លូប្រអប់មេតាមបណ្ដោយផ្លូវលេខ ៣៧១ ទំហំមុខកាត់២.៥ម៉ែត្រ ×២.៥ម៉ែត្រ មានចំនួន ៣ជួរ ប្រវែង២៦១ ម៉ែត្រ តភ្ជាប់ទៅប្រឡាយស្ទឹងមានជ័យ ដែលអាចរំដោះទឹកចេញពីតំបន់ខាងកើត និងខាងត្បូងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ជាពិសេសតំបន់សឡាផ្លូវលេខ ២០០៤ ផ្លូវណ័រប្រីត ទៅផ្លូវដួងងៀប។
ប្រភពបន្តថា ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ចប់ការដ្ឋានមានរយៈពេល១៤៩ថ្ងៃ ដោយមិនអនុញ្ញាតឲ្យរថយន្តគ្រប់ប្រភេទឆ្លងកាត់ លើកលែងតែទោចក្រយានយន្ត។
សេចក្តីជូនដំណឹងបានអះអាងថា ការស្ថាបនាស្ពាននេះ ដើម្បីដោះស្រាយបញ្ហាជន់លិចដោយទឹកភ្លៀងនៅរដូវវស្សា ដែលតែងតែកើតមានឡើងក្នុងរាជធានីភ្នំពេញ និងដោយពិនិត្យឃើញពីស្ថានភាពស្ពានទ្វារទឹកដើមស្លែង ដែលឆ្លងកាត់ប្រឡាយស្ទឹងមានជ័យ មានសភាពចាស់ទ្រុឌទ្រោម និងមានទំហំតូចដែលធ្វើឲ្យស្ទះផ្លូវបង្ហូរទឹក និងប្រឡាយស្ទឹងមានជ័យ។
រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ដែលធ្វើដំណើរឆ្លងកាត់ស្ពានទ្វារទឹកដើមស្លែង តាមបណ្ដោយផ្លូវលេខ៣៧១ ចាប់ពីលេខ២០០៤ ដល់ផ្លូវលេខ ២០០៦ ស្ថិតក្នុងព្រំប្រទល់ខណ្ឌសែនសុខ និងខណ្ឌមានជ័យរាជធានីភ្នំពេញ មេត្តាយោគយល់អធ្យាស្រ័យ ចំពោះការរំខានដល់ការធ្វើចរាចរឆ្លងកាត់ការដ្ឋាន និងផលប៉ះពាល់ផ្សេងៗដែលកើតមានឡើង និងមេត្តាពង្វាងចរាចរចេញពីទីតាំងខាងលើ ទៅតាមផែនទីពង្វាងចរាចរណ៍ដែលបានជូនភ្ជាប់ជាមួយ ដើម្បីសម្រួលការអនុវត្តគម្រោងសម្រេចបានតាមផែនការកំណត់៕

Previous articleពុទ្ធោច្រើនគួរសម! ថ្នាំញៀនជាង៥គីឡូក្រាម និងមនុស្ស៤នាក់ ត្រូវបានរឹបអូស និងឃាត់ខ្លួន
Next articleស្លាប់ជិត២ពាន់នាក់ និងរបួសជាង៦ពាន់នាក់ ដោយសារមច្ចុរាជតាមដងផ្លូវ ក្នុងឆ្នាំ២០១៩