ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ និងអនុប្រធានអនុគណៈកម្មការទី២ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) បានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០១៩ បានធ្វើឲ្យមនុស្សស្លាប់ចំនួន១៩៨១នាក់ កើនលើសពីឆ្នាំ២០១៨ចំនួន២២០នាក់, ចំណែកអ្នករងរបួសមានចំនួន៦១៤១នាក់ កើនជាងឆ្នាំ២០១៨ ចំនួន ១៣៧១នាក់។
ក្រោយបញ្ចប់កិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់អនុគណៈកម្មការទី២ នៃគ.ស.ច.គនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ
នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន ឲ្យដឹងបន្ថែមថា សម្រាប់ឆ្នាំ២០១៩កន្លងទៅនេះ សកម្មភាពចរាចរណ៍ មានភាព មមាញឹកខ្លាំង ដែលកំណើនយាន្តយន្តមានការកើនដល់៣៧% ដែលក្នុងនោះការអភិវឌ្ឍន៍ប្រទេស និងសេដ្ឋកិច្ច មានការរីកចំរើន ហេតុដូច្នេះទើបធ្វើអោយមានការកើនឡើងអត្រាគ្រោះថ្នាក់ចរាចរណ៍២៦% និងចំនួនអ្នកស្លាប់ មានការកើនឡើងចំនួ២២០នាក់ ស្មើនិង១២% និងចំនួនអ្នករបួសកើនឡើង២៩% បើប្រៀបធៀបជាមួយឆ្នាំ ២០១៨។
នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានបញ្ជាក់ថា កត្តាដែលនាំអោយមានការកើនឡើង នៃចំនួនគ្រោះថ្នាក់ចរាចរណ៍៖
-ទី១. គឺអាស្រ័យដោយកំណើនយានយន្ត
-ទី២. កត្តាមនុស្ស និងស្មារតីគោរពច្បាប់នៅមានកម្រិត។ កតា្តសត្យានុម័តដោយសារកំណើនយានយន្ត មានល្បឿនលឿន ជាងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់, ផ្លូវថ្នល់អភិវឌ្ឍន៍មិនទាន់មានតុល្យភាពជាមួយនិងកំណើន ហើយការគ្រប់គ្រង់ផ្លូវថ្នល់ ចិញ្ចើមផ្លូវ និងទ្រូងផ្លូវ ដែលមិនទាន់បានល្អម៉ត់ចត់នៅឡើយ និងធ្វើឲ្យផ្លូវចង្អៀតពិបាកចរាចរ។
នាយឧត្តមសេនីយ៍ នេត សាវឿន ក្នុងឳកាសនោះ បានមានប្រសាសន៍លើកឡើង នូវ បញ្ហាប្រឈមមួយចំនួន និងវិធានការដោះស្រាយ ដើម្បីដាក់ជូនទៅគណ:កម្មការសុវត្តិភាពចរាចរណ៍ផ្លូវគោក ពិនិត្យសម្រេចដាក់ចូលក្នុងទិសដៅឆ្នាំ២០២០ ជាពិសេសជំរុញវិធានការតាមដានស្វែងរកជនបង្កគ្រោះថ្នាក់ចរា ចរណ៍ដែលរត់គេចខ្លួន៕