ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង សូមគោរពជម្រាបជូន បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ទាំងអស់មេត្តាជ្រាបថា ថ្មីៗមានគេហទំព័រព័ត៌មានមួយចំនួនបានចុះផ្សាយនូវព័ត៌មានមិនពិត ដោយបានបំផ្លើសថាមានការរិះគន់ការសាងសង់ស្ពាន និងគាស់រូបតោចោល ថាជាការស្វែងរកកំណប់ ។
តែផ្ទុយទៅវិញការកសាងសង់ស្ពាននេះគឺមានការគាំទ្រជាច្រើនជាពិសេសបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង ក្នុងការសាងសង់ស្ពានថ្មថ្មីមួយទៀត នៅក្បែរគ្នា ដែលរក្សានៅលំនាំដើមដូចស្ពានថ្មចាស់ ។ រដ្ឋបាលខេត្តបាត់ដំបងបានបញ្ជាក់តាមហ្វេសប៊ុកថា”មួយវិញទៀតក៏មិនមានការគាស់រូបតោចោលដើម្បីស្វែងរកកំណប់នោះដែរ ។ ជាក់ស្តែងការសាងសង់មិនមានការបិទបាំង ឬក៏ហាមឃាត់មិនឲ្យមើលនោះដែរ”។
តាមអ្នកបច្ចេកទេស បានឱ្យដឹងថា ការសាងសង់ស្ពានថ្មថ្មីនៅប៉ែកខាងត្បូង(ប៉ែកខាងលើ) ក្បែរស្ពានថ្មចាស់ គឺអាចជួយពាំងកម្លាំងទឹក ឬសំរាមផ្សេងៗក្នុងពេលមានជំនន់ស្ទឹងសង្កែហក់ឡើងខ្លាំង ដោយសារតែស្ពានថ្មចាស់ពិតជាមានសភាពទ្រុឌទ្រោមខ្លាំង ម៉្យាងវិញទៀតដើម្បីជួយបញ្ជៀសការកកស្ទះចរាចរណ៍ក្នុងក្រុងនៅពេលមានពិធីបុណ្យផ្សេងៗ៕

