មន្រ្តីជាន់ខ្ពស់ជប៉ុន ចុះមកសិក្សាពីសេវាទូទាត់ប្រាក់តាមទូរស័ព្ទដៃ និងការផ្គត់ផ្គង់ទឹកស្អាតនៅទីក្រុងភ្នំពេញ

0

ភ្នំពេញ៖ លោក យ៉ាម៉ាម៉ូតុ កូហ្សូ (YAMAMOTO KOZO) សមាជិកសភាជប៉ុន បានអះអាងលើកលោកធ្វើដំណើរមកកម្ពុជានៅពេលនេះគឺក្នុងគោលបំណងសិក្សាពីសេវាទូទាត់ប្រាក់តាមទូរស័ព្ទដៃនិងការផ្គត់ផ្គង់ទឹកស្អាតនៅទីក្រុងភ្នំពេញ។
ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃព្រហស្បត៍ទី១៦ ខែមករា ឆ្នាំ២០២០នេះ លោក យ៉ាម៉ាម៉ូតុ កូហ្សូ (YAMAMOTOKOZO)សមាជិកសភាជប៉ុនបានលើកឡើងថាលោកធ្លាប់បានជួបជាមួយសម្តេចតេជោកាលពីឆ្នាំ២០០៧ ហើយលោកបានពិនិត្យឃើញថា កម្ពុជាមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សបំផុត។ ជាមួយគ្នានេះ លោកបានគោរពជម្រាបជូនសម្ដេចតេជោបន្តថាដំណើរទស្សនកិច្ចមកកាន់កម្ពុជានៅពេលនេះ គឺមានគោលដៅពីរ១)គឺដើម្បីសិក្សាពីសេវាទូទាត់ប្រាក់តាមប្រព័ន្ធទូរស័ព្ទដៃនិងការអភិវឌ្ឍនប្លុកឆេងនៅកម្ពុជា។ ការអភិវឌ្ឍប្លុកឆេង(Blockchain) នៅកម្ពុជានេះ លោកបានបញ្ជាក់ថា បើសិនដាក់ឲ្យដំណើរការរួចហើយនោះកម្ពុជាគឺជាប្រទេសទីមួយហើយដែលដាក់ចេញឲ្យប្រើប្រាស់នូវប្រព័ន្ធឌីជីថលទំនើបមួយនេះ។គោលដៅទី២គឺលោកមកធ្វើការសិក្សាអំពីបញ្ហាការផ្គត់ផ្គង់ទឹកស្អាតនៅទីក្រុងភ្នំពេញ។ ទន្ទឹមនឹងនោះលោកក៏បានស្នើសុំអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោនាយករដ្ឋមន្ត្រី នៅបញ្ហាទាំងពីរខាងលើ។
សម្ដេចតេជោហ៊ុនសែនបានលើកទឹកចិត្តលោកមកធ្វើការសិក្សាទៅលើការប្រើប្រាស់ការទូទាត់ប្រាក់តាមប្រព័ន្ធទូរស័ព្ទដៃ និងប្លុកឆេង (Blockchain) ដើម្បីឱ្យការទូទាត់តាមប្រព័ន្ធឌីជីថលនេះ ឲ្យមានដំណើរការល្អប្រសើរ និងសុក្រឹត្យភាពនៅកម្ពុជា។
ពាក់ព័ន្ធជាមួយនឹងបញ្ហាទឹកស្អាត សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា កម្ពុជាគឺត្រូវការពង្រីកស្ថានីយទឹកស្អាតឲ្យបានច្រើនថែមទៀតដោយសារតែរាជធានីភ្នំពេញកាន់តែរីកធំឡើងជាលំដាប់ពី ៣០០គីឡូម៉ែត្រការ៉េ រហូតទៅដល់ប្រមាណជាង៦០០គីឡូម៉ែត្រការ៉េ ហើយការអភិវឌ្ឍផ្ទះសម្បែងមានការរីកលូតលាស់ និងឆាប់រហ័សផងដែរ។ រីឯរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏កំពុងទទួលការផ្គត់ផ្គង់ទឹកទៅកាន់ក្រុងតាខ្មៅខេត្តកណ្ដាលផងដែរ។
ទន្ទឹមនឹងនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការងារពីរដែលត្រូវធ្វើនោះគឺ ១)ត្រូវពង្រីកនូវសមត្ថភាពការផ្គត់ផ្គង់ទឹកស្អាត ឲ្យដល់ប្រជាពលរដ្ឋប្រើប្រាស់កាន់តែទូលំទូលាយ និង ២)គឺធ្វើយ៉ាងណាពង្រីកបណ្ដាញចែកចាយទៅកាន់តំបន់អភិវឌ្ឍន៍ថ្មីៗថែមទៀត៕