ភ្នំពេញ៖ ទីបំផុតម្តាយតារាចម្រៀងកញ្ញា ពេជ្រ សូលីកា ដែលជាឃាតករសម្លាប់ស្រ្តីវ័យ៥០ឆ្នាំ ជាគូស្នេហ៍ស្រីស្រលាញ់ស្រីដូចគ្នា កើតឡើងកាលពីយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ បង្កការភ្ញាក់ផ្អើលនោះ ត្រូវបានតុលាការចេញដីកាសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទឃាតកម្ម។
សំណុំរឿងឃាតកម្មនេះស្ថិតនៅក្នុងដៃលោកស្រី ស៊ឺ វណ្ណនី ព្រះរាជអាជ្ញារងបើកការសាកសួរ រួចបានចោទប្រកាន់ជាផ្លូវការពីបទឃាតកម្ម តាមមាត្រា១៩៩នៃក្រមព្រហ្មទណ្ឌ បានត្រូវផ្តន្ទាទោសលើជនជាប់ដាក់ពន្ធនាគារ ចាប់១០ ទៅ១៥ឆ្នាំ ប្រសិនតុលាការរកឃើញកំហុសជនត្រូវចោទ ថាបានប្រព្រឹត្តអំពើល្មើសឧក្រិដ្ឋនេះ។
គួររម្លឹកថាកាលេពីវេលាម៉ោងប្រមាណ១០យប់ ថ្ងៃទី១១ ខែកមរា ឆ្នាំ២០២០ មានអំពើរឃាត់កម្មសម្លាប់ ដែលឃាតករ(ជនត្រូវចោទ) ត្រូវជាម្តាយកញ្ញា ពេជ្រ សូលីកា មានឈ្មោះ ស៊ិន ស្រីនាង អាយុ៤៥ឆ្នាំ បានធ្វើសកម្មភាពយកខ្សែអាវធ្វើពីក្រណាត់ចំនួន០១ខ្សែ មកចងដៃជនរងគ្រោះឈ្មោះ ងិន សុខលី ភេទស្រី អាយុ៥០ឆ្នាំទៅក្រោយ ហើយចាប់ក្បាលសង្កត់មុខផ្ទប់ជាមួយខ្នើយកើយរហូតថប់ដង្ហើមស្លាប់តែម្តង។
ករណីឃាតកម្មនេះត្រូវបានគេប្រទះឃើញ ជនរងគ្រោះដេកស្លាប់ក្នុងទីលំនៅផ្ទះលេខ L42A ផ្លូវលេខV16A (បុរីវីឡាថោន) ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលជាផ្ទះរបស់ជនដៃដល់តែម្តង៕
អត្ថបទ៖ តារារស្មី