ភ្នំពេញ៖ បុរសម្នាក់បានធ្វើសកម្មភាពបន្លំយកសារធាតុញៀនចំនួន ២កញ្ចប់ធំ ចូលទៅក្នុងមណ្ឌលអប់រំកែប្រែ (ម ១) ត្រូវបានមន្ត្រីអនុរក្សឆែកឆេររកឃើញ ឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចអនុវត្តតាមនីតិវិធី នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២០ វេលា ម៉ោង ១៧ និង ១៥នាទី នៅត្រង់ចំណុច មណ្ឌលអប់រំកែប្រែ (ម ១) ស្ថិតនៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានី ភ្នំពេញ ។
ជនសង្ស័យមានឈ្មោះ ឃី សិរីវុឌ្ឍ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ។
វត្ថុតាងចាប់យក ៖ ក្រាមពណ៌ ស ថ្លា ចំនួន ០២កញ្ចប់ថង់ធំ , ចំណីសត្វចំនួន ០២កំប៉ុង និងទូរស័ព្ទដៃ ០១គ្រឿង ។
សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ១៧ និង ១៥នាទី កម្លាំងសមត្ថកិច្ចនគរបាល ប៉ុស្តិ៍រដ្ឋបាលព្រៃវែង បានទទួលដំណឹងពីមណ្ឌលអប់រំកែប្រែ (ម ១) នៅចំណុចមណ្ឌលអប់រំកែប្រែ (ម ១) ស្ថិតនៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ មានជនសង្ស័យបានយកក្រាមពណ៌ ស ថ្លា ចំនួន ០២កញ្ចប់ធំ ដាក់ក្នុងកំប៉ុង ចំណីសត្វ យកទៅឲ្យក្នុងមណ្ឌលអប់រំកែប្រែ (ម ១) ក៏ត្រូវមន្ត្រីអនុរក្សពន្ធនាគារ បានឆែកឆេររកឃើញក្រាមពណ៌ ស ថ្លា ចំនួន ០២កញ្ចប់ថង់ធំ ហើយក៏បានឃាត់ប្រគល់អោយសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលព្រៃវែង និងបញ្ជូនមកអធិការដ្ឋាន នគរបាលខណ្ឌដង្កោ តាមនីតិវិធីច្បាប់ ។
ក្រោយពីឃាត់ខ្លួន សមត្ថកិច្ចបានធ្វើតេស្តិ៍ស្វែងរកសារធាតុញៀនក្នុងទឹកនោម ជាលទ្ធផលមានផ្ទុកសារធាតុញៀន ក្នុង ទឹកនោមប្រាក មែន។ បន្ទាប់មកដោយមានការសម្របសម្រួលពីលោក ឆាយ ហុង ព្រះរាជអាជ្ញារងនៃអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យខាងលើ ចាត់ការតាមផ្លូវច្បាប់ ៕