ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ធនាគារពិភពលោក World Bank ដែលបានចេញនៅខែវិច្ឆិកា បង្ហាញថា សម្រាប់ ៦ ខែដំបូងបង្ហាញពីការថយចុះបន្តិចនៃសកម្មភាពសេដ្ឋកិច្ចក្នុងឆ្នាំ២០១៩ បើប្រៀបធៀបទៅនឹងលទ្ធផលកំណើន ៧.៥ % ពីឆ្នាំ ២០១៨។ ការនាំចេញសម្លៀកបំពាក់ និងស្បែកជើងមានប្រមាណ ៧០%នៃការនាំចេញសរុប ដែលកើនឡើង ១៧,៧% ធៀបនឹងឆ្នាំ ២០១៨ ប៉ុន្តែបានធ្លាក់ចុះបន្តិច(១៥,៣%) នៅខែមិថុនាឆ្នាំ ២០១៩។
យោងតាម Cambodia Investor Club បានឲ្យដឹងបន្ថែមថាវិស័យហិរញ្ញវត្ថុកំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ច។ កំណើនឥណទានរបស់ធនាគារបានកើនឡើងដល់ ២៨,៣% នៅពាក់កណ្តាលឆ្នាំ ២០១៩ ដែលកើនឡើងពីខែធ្នូ ឆ្នាំ ២០១៨ ចំនួន២៤,២%។វិស័យទេសចរណ៍នៅតែមានការកើនឡើងខ្លាំង ដោយកំណើនភ្ញៀវទេសចរអន្តរជាតិបានកើនឡើងដល់ ១១,២% ក្នុងខែមិថុនាឆ្នាំ២០១៩ បើប្រៀបធៀបនឹង ១០,៧% ពីឆ្នាំ២០១៨ ដែលមានភ្ញៀវទេសចរបរទេសជិត ៤០% មកពីប្រទេសចិន។
ធនាគារពិភពលោក ព្យាករថា សេដ្ឋកិច្ចរបស់កម្ពុជាក្នុងឆ្នាំ២០១៩ ទទួលបានកំណើន ៧,០ភាគរយ បើធៀបនឹងឆ្នាំ២០១៨ មានកំណើន៧,៥%។ ផសស សម្រាប់មនុស្សម្នាក់ ១ ៦១២ ដុល្លារ បើធៀបនឹងឆ្នាំ២០១៨ មានចំនួន១ ៥០០ ដុល្លារ។
បើតាមទិន្នន័យរបស់ ធនាគារជាតិ នៃកម្ពុជា – National Bank of Cambodia ដែលទើបតែចែកចាយកាលពីម្សិលមិញបានអោយឃើញថា គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០១៩ វិនិយោគផ្ទាល់បរទេសនៅកម្ពុជា មានចំនួន ៣៣,១ប៊ីលានដុល្លារអាមេរិក ដែលភាគច្រើនមានប្រភពពីប្រទេសក្នុងតំបន់អាស៊ីភាគខាងកើត រួមមាន ៖
១.ចិន ២៩% – ៩,៤ ប៊ីលានដុល្លារអាមេរិក
២.កូរ៉េខាងត្បូង ១១% – ៣,៧ ប៊ីលានដុល្លារអាមេរិក
៣.ហុងកុង ៩% – ២,៩ ប៊ីលានដុល្លារអាមេរិក
៤.វៀតណាម ៧% – ២,៣ ប៊ីលានដុល្លារអាមេរិក
៥.សិង្ហបុរី ៦% – ២ ប៊ីលានដុល្លារអាមេរិក
៦.ជប៉ុន ៦% – ២ ប៊ីលានដុល្លារអាមេរិក
៧.តៃវ៉ាន់ ៦% – ១,៩ ប៊ីលានដុល្លារអាមេរិក
៨.ម៉ាឡេស៊ី ៥% – ១,៦ ប៊ីលានដុល្លារអាមេរិក
៩.ថៃ ៥% – ១,៦ ប៊ីលានដុល្លារអាមេរិក
១០.ចក្រភពអង់គ្លេស ៣% – ១,១ ប៊ីលានដុល្លារអាមេរិក និងប្រទេសផ្សេងទៀត ១៤% – ៤,៦ ប៊ីលានដុល្លារអាមេរិក៕