នាយករដ្ឋមន្រ្តីដាក់បទបញ្ជាឲ្យលោក កែវ រ៉េមី និងនាយឧត្តមសេនីយ៍ សៅ សុខា ចុះស្រាវជ្រាវ​ក្រោយមានការចោទថា​ មានការធ្វើទារុណកម្មមនុស្សស្លាប់ក្នុងពន្ធនាគារ នៅខេត្តបន្ទាយមានជ័យ

0

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានដាក់បទបញ្ជា ឲ្យប្រធានសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី និងនាយឧត្តមសេនីយ៍ សៅ សុខា មេប៉េអឹមលើផ្ទៃប្រទេសសហការគ្នា ស្រាវជ្រាវក្រោយមានការចោទប្រកាន់ថាមានការធ្វើ ទារុណកម្ម មនុស្សស្លាប់ក្នុងពន្ធនាគារនៅខេត្តបន្ទាយមានជ័យ ។
ក្នុងពិធីជួបសំណេះសំណាល រវាងសម្តេចតេជោ ហ៊ុន សែន ជាមួយអ្នកសារព័ត៌មានជិត ៦ពាន់នាក់ នារសៀលថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការធ្វើទារុណកម្ម នាំឲ្យមានមនុស្សស្លាប់ គឺមិនអាច ទទួលយកបានទេ ដូច្នេះត្រូវតែស្វែងរកជនដៃដល់ យកមកផ្តន្ទាទោសតាមច្បាប់ឲ្យខាងតែបាន ។
ទាក់ទិនករណីនេះ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្តីសម្រេច បង្កើតគណៈកម្មការចំពោះកិច្ចធ្វើអធិការកិច្ច នូវបាតុភាពដែលបានកើតឡើងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។ ត្រួតពិនិត្យសកម្មភាពការងាររបស់នាយទាហាន​កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ក្នុងការប្រតិបត្តិការតួនាទី ភារកិច្ច។
ក្រុមការងារចំពោះកិច្ចការនេះ បានទៅដល់ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០៕