ភ្នំពេញ៖ ក្រោយក្រសួងការងារគ្រោងលប់ថ្ងៃឈប់សម្រាក ៦ថ្ងៃនិងកែសម្រួលអត្រាប្រាក់ឈ្នួលធ្វើការវេនយប់ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករបានលើកឡើងថា ទន្ទឹមនិងការដំឡើងប្រាក់ឈ្នួល ៨ដុល្លារ ដ៏តិចតួច ក្នុងឆ្នាំ២០២០នេះ ផលប្រយោជន៍របស់កម្មករ នៅឆ្នាំ២០២០នេះ ក៏ចាប់ផ្តើមបាត់បង់បណ្តើរៗដូចគ្នា។
លោក ប៉ាវ ស៊ីណា បានសរសេរនៅលើគេហទំព័រហ្វេសប៊ុកនៅថ្ងៃទី១៤មករានេះដោយមានខ្លឹមសារទាំងស្រុងថា
ទន្ទឹមនិងការដំឡើងប្រាក់ឈ្នួល ៨ដុល្លារ ដ៏តិចតួច ក្នុងឆ្នាំ២០២០នេះ យើងក៏សង្កេតឃើញដែរថា ផលប្រយោជន៍របស់កម្មករ នៅឆ្នាំ២០២០នេះ ក៏ចាប់ផ្តើមបាត់បង់បណ្តើរៗដូចគ្នា….
1-ការលប់ថ្ងៃឈប់សម្រាក ៦ថ្ងៃ
2- ការស្នើសុំរបស់ក្រសួង កែសម្រួលអត្រាប្រាក់ឈ្នួលធ្វើការវេនយប់ ពី អត្រា ១៣០% មកនៅត្រឹម អត្រា ១០០% ដូចវេនថ្ងៃវិញ (ខណៈដែលអត្រាប្រាក់ឈ្នួលវេនយប់ដើមឆ្នាំ២០០៧ គឺ អត្រា ២០០% នៃអត្រាប្រាក់ឈ្នួលវេនថ្ងៃ ។
3-ការស្នើសុំ លុបថ្ងៃបន្ទាប់ នៃថ្ងៃឈប់សម្រាកចំថ្ងៃអាទិត្យ។
មានបញ្ហាជាច្រើន ដែលភាគីក្រសួងការងារ ត្រូវធ្វើការដោះ ដូចជា៖
1-ការផ្តល់មធ្យោបាយដឹកញ្ជូនកម្មករប្រកបដោយសុវត្ថិភាព
2-បង្កើនការយកចិត្តទុកដាក់លើសុខភាពកម្មករ
3-តំណាងសហជីពជាច្រើនរូប ដែលក្រុមហ៊ុនបានបញ្ឈប់ នៅមិនទាន់បានដោះស្រាយ (រើសអើងសហជីព)
4-ច្បាប់ស្តីពីសហជីព ។
ដូច្នេះ ក្នុងនាមខ្ញុំ តំណាងអោយកម្មករ១រូប ខ្ញុំសូមស្នើអោយក្រសួងការងារ ពិចារណាឡើងវិញ ចំពោះការស្នើសុំនូវចំនុចទី១និង២ ខាងលើ ដើម្បីរក្សាផលប្រយោជន៍ជូនកម្មករ ហើយស្នើសុំអោយ ដោះស្រាយនូវបញ្ហាចំនួនដូចដែលបានលើកឡើងខាងលើផងដែរl៕