ក្រោយមានឧបទ្ទវហេតុរលំអគារ រដ្ឋមន្ត្រីដែនដីក្រើនរំលឹកឲ្យម្ចាស់ក្រុមហ៊ុនសំណង់ ត្រូវគោរពបទដ្ឋានបច្ចេកទេសនៃការសាងសង់

0

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បន្តក្រើនរំលឹកឲ្យម្ចាស់ក្រុមហ៊ុនសំណង់ត្រូវគោរព បទដ្ឋានបច្ចេកទេស ស្តង់ដារសំណង់អោយបានត្រឹមត្រូវ ដើម្បីធានាគុណភាព សោភ័ណភាព សុវត្ថិភាពសំណង់ជាដើម ។
ថ្លែងក្នុងវគ្គផ្សព្វផ្សាយច្បាប់ស្តីពីសំណង់សម្រាប់អ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា ក្រុមហ៊ុនដែលទទួលបានវិញ្ញាបនបត្របញ្ជាក់ពីការធ្វើអាជីវកម្មលើវិស័យសំណង់ ត្រូវគោរពច្បាប់ និងបទដ្ឋានបច្ចេកទេសសំណង់ជាពិសេសត្រូវមានការទទួលខុសត្រូវនិងត្រួតពិនិត្យការដ្ឋានសាងសង់ឲ្យបានហ្មត់ចត់និងចៀសវាងការធ្វេសប្រហែសដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ។
លោកឧបនាយករដ្ឋមន្រ្តីបញ្ជាក់ថាប្រសិនបើគណៈកម្មការចុះត្រួតពិនិត្យឃើញខុសបច្ចេកទេសមិនត្រូវតាមស្តង់ដានិងគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ អាជ្ញាធរមានសមត្ថកិច្ចនិងចេញលិខិតផ្អាកការសាងសង់តែម្តង។
សុំការគាំទ្រពី អស់លោក លោកស្រី ដែលជា វិស្វករ ស្ថាបយករ ជួយគាំទ្រឲ្យមានភាពរឹងមាំ និងជំនឿជឿជាក់លើវិស័យសំណង់ ស្ថាបយករជួយធ្វើការរៀបចំសិក្សាគម្រោងប្លង់ ឱ្យបានផ្សារភ្ជាប់ជាមួយនឹងអត្តសញ្ញាណជាតិខ្មែររបស់យើង នៅក្នុងវិស័យសំណង់ ។
លោកបានបញ្ជាក់ថា ក្រុមការងារជំនាញនៃក្រសួងដែនដីនឹងបង្កើនការចុះត្រួតពិនិត្យ នៅរាល់ការដ្ឋានសំណង់ទំាងអស់ ដើម្បីធានាថាឲ្យសំណង់ទំាងនោះមានច្បាប់ សាងសង់គោរព ទៅតាមគុណភាព បច្ចេកទេស ដែលឈានទៅកាត់បន្ថយករណីគ្រោះថ្នាក់ដែលបណ្តាលមកពីការរលំអគារជាដើម ។

សូមបញ្ជាក់ថា ដើម្បីពង្រឹងគុណភាពសំណង់នេះកាលពីសប្តាហ៍កន្លងទៅក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង បានហាមដាច់ខាតមិនឱ្យអនុវត្តន៍លើការងារចំនួន៥រួមមាន ៖ទី១ ហាមដាច់ខាតការសាងសង់សំណង់ដែលគ្មានលិខិតអនុញ្ញាតសាងសង់ ជួសជុល ឬរុះរើ និងលិខិតអនុញ្ញាតបើកការដ្ឋានសំណង់ ទី២ ហាមដាច់ខាតការអនុវត្តការងារសាងសង់ ឬ រុះរើដោយអ្នកសាងសង់ដែលគ្មានអាជ្ញាបណ្ណ ឬវិញ្ញាបនបត្របញ្ជាក់ការអនុញ្ញាតឱ្យប្រកបអាជីវកម្មផ្ដល់ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទី៣ ហាមដាច់ខាតការដ្ឋានសំណង់ដែលដំណើរការសាងសង់ ឬ រុះរើដោយគ្មានវិស្វករប្រចាំការដ្ឋានជាអ្នកទទួលខុសត្រូវទី៤ ហាមដាច់ខាតការស្នាក់នៅក្នុងអគារដែលកំពុងសាងសង់ ទោះបីជាលក្ខណៈបណ្តោះអាសន្នក៏ដោយនិងហាមដាច់ខាតអ្នកគ្មានភារកិច្ចចូលក្នុងការដ្ឋានសំណង់ និងទី៥ ហាមការប្រើប្រាស់សំណង់គ្រប់ប្រភេទ ដោយគ្មានវិញ្ញាបនបត្រប្រើប្រាស់សំណង់ឬលិខិតបិទការដ្ឋានផ្តល់ដោយអាជ្ញាធរមានសមត្ថកិច្ច៕