ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនៅថ្ងៃនេះ លោក Björn Häggmarkឯកអគ្គរាជទូតស៊ុយអ៊ែតថ្មីប្រចាំនៅកម្ពុជាបានបង្ហាញការប្ដេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការលើវិស័យការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈឱ្យកាន់តែល្អប្រសើរជាងមុនពិសេសលើគម្រោងអភិវឌ្ឍន៍ជាច្រើនដែលកំពុងអនុវត្តនៅកម្ពុជា។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ក្រសួងការងារបានឲ្យដឹងថាទន្ទឹមនឹងគ្នានេះដែរកម្ពុជា-ស៊ុយអែតបានបង្ហាញការវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការដ៏ល្អនាពេលកន្លងមក លើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងបានសន្យាពង្រឹងនូវទំនាក់ទំនង កិច្ចសហប្រតិបត្តការដ៏ល្អនេះទៀតដើម្បីជួយអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាវិស័យដ៏សំខាន់មួយក្នុងការធានាបាននូវសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ និងការអភិវឌ្ឍសង្គម។
ក្នុងជំនួបពិភាក្សាការងារជាមួយលោក Björn Häggmark ឯកអគ្គរាជទូតស៊ុយអ៊ែតថ្មីប្រចាំនៅកម្ពុជានាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះ
លោក រដ្ឋមន្រ្តីបានសំដែងនូវអំណរគុណ ចំពោះរដ្ឋាភិបាល ក៏ដូចជាប្រជាជនស៊ុយអែត ដែលជួយផ្តល់ការគាំទ្រដល់កម្ពុជា ។
ជាមួយគ្នានេះលោកឯកអគ្គរាជទូតស៊ុយអែតថ្មី បានប្ដេជ្ញាបន្តគម្រោងទំនាក់ទំនងលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរវាងកម្ពុជា និងស៊ុយអែត ក្នុងនោះមានដូចជា គម្រោងអភិវឌ្ឍន៍ទាំងឡាយដែលធ្វើឡើងតាមរយៈអង្គការSIDA ដែលបានជួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមទាំងការបង្កើតមជ្ឈមណ្ឌលការងារនៅតាមបណ្ដារាជធានី-ខេត្តនានា។
កម្ពុជាបាននិងកំពុងបន្តការគាំទ្រយ៉ាងសកម្មដល់កិច្ចព្រមព្រៀងសកល (Global Deal) របស់រដ្ឋាភិបាលស៊ុយអែតដែលជាគំនិតផ្តួចផ្តើមសាកលនិងមានគោលបំណងក្នុងការដោះស្រាយរួមគ្នានូវបញ្ហាប្រឈមនានានៅក្នុងទីផ្សារការងារនិងជំរុញឱ្យមនុស្សគ្រប់រូបអាចទទួលបានផលប្រយោជន៍ពីសាកលភាវូបនីយកម្ម។
ជាការពិតណាស់ កិច្ចសន្ទនាសង្គមមិនមែនជាយន្តការថ្មីក្នុងការអនុវត្តការងារ ក្នុងការគ្រប់គ្រង និងដោះស្រាយនូវទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជានោះទេ។កម្ពុជាបាននិងកំពុងប្រើប្រាស់យន្តការនេះក្នុងក្របខណ្ឌជាច្រើនដូចជា៖ យន្តការគ្រប់គ្រងរបស់បេឡាជាតិរបបសន្តិសុខសង្គម យន្តការនៃការដោះស្រាយវិវាទការងារ យន្តការនៃការចរចារកំណត់ប្រាក់ឈ្នួលអប្បបរមា និងនីតិវិធីនៃការតាក់តែងច្បាប់ និងគោលនយោបាយនានាដែលធ្វើទ្បើងដោយមានការពិភាក្សា និងចូលរួមពីត្រីភាគី៕