ភ្នំពេញ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី៩មករានេះបានច្រានចោលសំណើសាងសង់ស្តូបជានិម្មិតរូប នៃជនរងគ្រោះដោយសារការបាក់រលំអគារសំណង់ ដែលស្នើដោយអង្គការសង្គមស៊ីវិល ដើម្បីរំលឹកការចងចាំដោយហេតុថា ទាំងប្រមុខរាជរដ្ឋាភិបាល សម្តេច ហ៊ុន សែន ទាំងសប្បុរសជន បានយកចិត្តទុកដាក់ បំភ្លឺ និងដោះស្រាយជូនជនរងគ្រោះរួចរាល់។
លោក ផៃ ស៊ីផាន បានសរសរលើបណ្ដាញហ្វេសប៊ុកថា” សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហាញជំហរនៃការអនុវត្តច្បាប់សំណង់ ដែលទើបចូលជាធរមានអោយមានប្រសិទ្ធភាព។ ដូច្នេះស្តូបគ្រាន់តែជានិម្មិតរូបនៃព្រឹត្តិការណ៍តែប៉ុណ្ណោះ ប៉ុន្តែរាជរដ្ឋាភិបាលបានបង្ហាញសកម្មភាពជាក់ស្តែង និងសមិទ្ធផលជាសកល និងយូរអង្វែង”។
សូមរំលឹកថាក្នុងឧបទ្ទវហេតុបាក់រលំអគារកម្ពស់៦ជាន់នៅខេត្តកែបកាលពីថ្ងៃទី៣មករាកន្លងទៅបណ្ដាលឲ្យមនុស្សចំនួន៣៦នាក់ស្លានិងអ្នកនៅរស់រាន មានជីវិតចំនួន ២៣នាក់៕